(ប៉េកាំង)៖ កូរ៉េខាងជើង​នៅថ្ងៃសុក្រនេះ​បាននិយាយថា ស្ថានភាពបច្ចុប្បន្ន​នៅតែអាក្រក់​សម្រាប់​​ទីក្រុងព្យុងយ៉ាង ដែលកំពុងឆ្លង​កាត់ឧបសគ្គជា​ច្រើន ដើម្បីក្លាយជាមហាអំណាច។ ក៏ប៉ុន្តែ​ទន្ទឹមគ្នា របបកម្មុយនីស្ដ​ឯកោ​មួយនេះ ក៏អះអាងដែរ​ថា ថាមពល និងអំណាចរបស់ខ្លួន​ បាន​ឡើងជិតដល់កម្រិត​កំពូលហើយ។ នេះបើ​តាម Rodong Sinmun​ ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃល្ងាចសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទវិចារណកថា​របស់ខ្លួន កាសែតរដ្ឋ​កូរ៉េខាងជើង Rodong Sinmun បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាព​បច្ចុប្បន្ននៅលើ​ឧបទ្វីបកូរ៉េ នៅតែស្ថិត​នៅក្នុងស្ថានភាព​អាក្រក់ ដោយសារ​តែពួកចក្រពត្តិ​អាមេរិក ដែលបាន​ប្រើប្រាស់​វេទិកា UN​ ព្រមាន​កម្ទេចកូរ៉េខាងជើង​ឱ្យក្លាយទៅជាផេះ... ហើយបើ​ទោះជា យើងកំពុង​ឆ្លងកាត់ឧបសគ្គ​ដ៏លំបាក ឆ្ពោះទៅរក​គោលដៅ​របស់​យើងក៏ដោយ ប៉ុន្តែយើង​ខ្លាំង និងក្លាហានរួច​ទៅហើយ»

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីល​ឆ្លងទ្វីប ICBM ចំនួនពីរ​លើក និងគ្រាប់បែក​អ៊ីដ្រូសែន​មួយលើក ដែលត្រូវ​បានគេមើលឃើញថា បច្ចេកវិទ្យា​មីស៊ីល របស់ទីក្រុងព្យុងយ៉ាង​កាន់តែរីក​ចំរើនទៅមុខ៕