(សេអ៊ូល)៖ ការស្ទង់មតិមួយ​របស់រដ្ឋាភិបាល​កូរ៉េខាងត្បូងបានបង្ហាញថា អ្នកចូលរួមជិត ៦០ភាគរយ គាំទ្រចំពោះ​កិច្ច​បន្ត​ស្ថាបនា​​រោង​​ចក្រ​ថាមពល​នុយក្លេអ៊ែរ ដែលបច្ចុប្បន្ន​កំពុងផ្អាកការ​សាងសង់ សាជាថ្មីឡើងវិញ ខណៈទង្វើនេះ​ហាក់ដូចជាផ្ទុយ​នឹង កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិ​បាល ក្នុងការកាត់​បន្ថយការពឹង​ផ្អែកលើ​ ថាមពលនុយក្លេអ៊ែរ។ នេះបើតាម​ការឲ្យដឹង​ពី គណៈកម្មការជជែកដេញ​ដោល​សារធារណៈ ដក​ស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

បើតាមការស្ទាបស្ទង់​មតិខាងលើ អ្នកចូលរួម​ប្រមាណ ៥៩.៥ភាគរយ បានសម្តែង​ការគាំទ្រចំពោះ​ការបន្តសាងសង់​ រោងចក្រនុយក្លេអ៊ែរ Shin Kori-5 និង Shin Kori-6 ខណៈ ៤០.៥ភាគរយ បានជំទាស់ចំពោះរឿងនេះ។ រ៉េអាក់ទ័រ (Reactor) ទាំងពីរនេះ ដែលបានស្ថិតក្រោម​ការសាងសង់​ចាប់តាំងតែពីឆ្នាំ២០១៦មកនោះ នៅក្នុងទីក្រុង Ulsan ភាគខាងអាគ្នេយ៍​ប្រទេស ត្រូវបានផ្អាកដំណើរ​ការស្ថាបនា កាលពី​​ខែកក្កដា​កន្លងទៅនេះ ដើម្បីពិចារណាលើការកាត់បន្ថយ ការពឹងផ្អែករបស់កូរ៉េខាងត្បូង លើ​ថាមពលនុយក្លេអ៊ែរ ខណៈលុយ​ជាង​ ១,៤​ពាន់​លានដុល្លារ ត្រូវបានចំណាយសម្រាប់​គំរោងនេះរួចទៅហើយ។

គួរបញ្ជាក់ថា កាលពីអំឡុង​ការឃោសនា​រកសំឡេងឆ្នោត ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ធ្លាប់បានសន្យាថា នឹង​បោះ​​បង់​ចោល​គម្រោងសាងសង់​ នៃម៉ាស៊ីនរ៉េអាក់ទ័រ​ទាំងពីរនេះ ក៏ប៉ុន្តែលោក​បានសម្រេចថា នឹងធ្វើការ​សម្រេចចិត្តចុង​ក្រោយ ដោយផ្អែក​លើ​​មតិ​សាធារណៈ។ ជាមួយគ្នា​នេះ វិមាន Cheong Wa Dae ក៏បានបញ្ជាក់​ដែរថា នឹងគោរពតាម​អនុសាសន៍របស់ គណៈកម្មាការ​ជជែក​ដេញ​ដោល​​​សាធារណៈ ហើយនឹង​ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីអនុវត្តន៍វិធានការ​បន្ទាប់ ដោយស្របទៅ​តាម​អនុសាសន៍នេះ៕