(វ៉ាស៊ីនតោន)៖ ទស្សនីយ៍ភាព​លើផ្ទៃមេឃដ៏អស្ចារ្យ​បំផុតប្រចាំឆ្នាំនេះ នឹងលេចឡើង​នាចុងសប្តាហ៍នេះ​តែម្តង នៅពេលដែល​ទេពច្យុត Orionids បង្ហាញខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ វែបសាយវិទ្យាសាស្រ្ត-អវកាស Space.com នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

ទេពច្យុត​ខាងលើនេះ គឺមានប្រភព​មកពីផ្កាយ​ដុះកន្ទុយ Comet 1P ឬក៏ Halley's Comet ដោយផ្កាយដុះ​កន្ទុយដ៏ល្បី​ឈ្មោះនេះ តែងតែ​បានហោះកាត់ផែនដី​ជារៀងរាល់ ៧៥ឆ្នាំ ទៅ ៧៦ឆ្នាំម្តង ហើយស្រប​ពេលដែលផ្កាយ​ដុំកន្ទុយដ៏​ត្រជាក់នេះ ធ្វើដំណើរផ្សង​ព្រេងជុំវិញ​ព្រះ​អាទិត្យនោះ វាបានបន្សល់​ទុកនៅតាមកម្ទេច​កម្ទីរផ្កាយ​ដុះកន្ទុយ នៅតាមគន្លង​ផ្លូវរបស់វា។ នៅពេលជាក់លាក់​ណាមួយ​ក្នុងឆ្នាំដ៏កម្រ​នេះ ផែនដីនឹងជួបប្រទះ​ជាមួយកម្ទិចទាំងនេះ នៅពេលវិល​ជុំវិញ​ព្រះអាទិត្យ។

គួរបញ្ជាក់ថា ឈ្មោះ Orionids នេះ​ត្រូវបានដាក់​តាមទិសដៅ ដែលទេពច្យុត​បានលេចឡើង គឺនៅក្បែរនឹង​បណ្តុំផ្កាយ Orion ហើយពួកវា​អាច​នឹងបង្ហាញខ្លួននៅ ចន្លោះម៉ោង ១១៖០០នាទីយប់​ថ្ងៃសុក្រនេះ រហូតដល់ម៉ោង ០៥៖០០នាទីទាបភ្លឺ ថ្ងៃសៅរ៍ស្អែក (ពេលវេលានៅ​កម្ពុជា​) ក៏ប៉ុន្តែដោយសារ​ទីតាំងភូមិសាស្រ្ត យើងអាចមើលឃើញ​ទេពច្យុតនេះ ក្នុងចំនួនតិច ឬអត់តែម្តងក៏ថាបាន៕