(មីយ៉ាន់ម៉ា)៖ ទីភ្នាក់ងារសារព័ត៌មាន​មីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ​បានរាយការណ៍ថា មនុស្ស ០៥នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀត ក្នុងនោះរួមមាន​ទាំងប៉ូលិស ០៥នាក់ បានរងរបួស​នៅក្នុងការប៉ះទង្គិច​គ្នាមួយ នៅឯតំបន់រ៉ែត្បូង​មួយកន្លែងស្ថិតនៅ​ក្នុងតំបន់ Hpa-Khant នៃរដ្ឋ Kachin។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារ​សារព័ត៌មាន​មីយ៉ាន់ម៉ា ការប៉ះទង្គិចគ្នា​ដោយហិង្សានេះ​ កើតឡើង​នៅម៉ោង ៩៖៣០នាទីយប់​ថ្ងៃព្រហស្បតិ៍ នៅចំពេលប៉ូលិស​កំពុងដើរល្បាត​នៅជុំវិញបរិវេណ តំបន់​រ៉ែត្បូងជា​កម្មសិទ្ធិរបស់ក្រុមហ៊ុន One-One-One Company។ ដោយ​ឡែក ប៉ូលិសនៅ​កន្លែង​កើតហេតុ ក៏បានឱ្យដឹង​ដែរថា អ្នកជីករ៉ែត្បូង​ ៥០នាក់ បានព្យាយាម​សម្រុកចូលក្នុង តំបន់ការដ្ឋាន​ក្រុមហ៊ុន ប៉ុន្តែ​ត្រូវពួកគេ​រារាំង ហើយមួយ​ម៉ោងក្រោយមក ស្រាប់តែមនុស្សជិត ៦០០នាក់ បានត្រឡប់​មកជាថ្មី និងបានវាយប្រហារ​លើប៉ូលិសជា​មួយកាំបិត ដុតរថយន្ដដឹកទំនិញ និងបំផ្លាញ​គ្រឿងចក្រ​មួយចំនួន ជាហេតុបង្ខំឱ្យប៉ូ​លិសបាញ់តបត​ទៅលើហ្វូងមនុស្ស​ទាំងនោះ។

ប៉ុន្តែមកទល់ពេលនេះ មូលហេតុជាក់លាក់​នៃការបះទង្គិចគ្នានេះ មិនទាន់ត្រូវ​បាន​គេបញ្ជាក់នៅឡើយទេ ខណៈប៉ូលិសមីយ៉ាន់ម៉ា កំពុងដំណើរការ​ស៊ើបអង្កេត៕