(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាក់ថា លោកគ្មានបំណង​ដក​ច្បាប់អាជ្ញាសឹក ចេញពីខេត្តមីនដាណាវនោះឡើយ បើទោះបីជាទីក្រុងម៉ារ៉ាវី (Marawi) ត្រូវបាន​រំដោះពីក្រុមបណ្តាញភេរវករគាំទ្រ ISIS នៅភាគខាងត្បូងប្រទេសក៏ដោយ។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧។

លោក ឌូតឺតេ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ច្បាប់អាជ្ញាសឹក នឹងស្ថិតនៅរហូតដល់ក្រុមភេរវករ​ទាំងអស់នៅតំបន់ភាគខាងត្បូង ត្រូវបានបោសសម្អាត។ នៅពេលដែលខ្ញុំបានដាក់ច្បាប់​អាជ្ញាសឹក គ្រប់គ្នាបានសួរថា តើពេលណាវានឹងបញ្ចប់? ខ្ញុំនឹងដកចេញនៅពេល​ណាដែល​ភេរវករចុងក្រោយត្រូវបានកម្ចាត់»។ ការបន្តច្បាប់នេះ គឺលោក ឌូតឺតេ ចង់រក្សាសុវត្ថិភាព​របស់ជនស៊ីវិលនានា នៅក្នុងខេត្តមីនដាណាវ។

គួរបញ្ជាក់ថា ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសជាឱឡារឹក​នូវ ការដណ្តើមបានមកវិញទាំងស្រុង ចំពោះទីក្រុង ម៉ារ៉ាវី (Marawi) ស្ថិតនៅក្នុងប្រជុំកោះ មីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ពីកណ្តាប់ក្រុមឧទ្ទាម ដែលជាបណ្តាញ​របស់ក្រុមភេរវករ​​ធំបំផុត​លើពិភពលោកគឺ ISIS កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

ការប្រកាសអំពីជ័យជម្នះដ៏ធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរយៈពេល ១៤៨ថ្ងៃ ដែល​សង្គ្រាម​ដ៏ក្តៅគគុកនៅភាគខាងត្បូងហ្វីលីពីននេះ បានអូសបន្លាយ​ដែលជាហេតុបង្កឲ្យមនុស្សរាប់រយ​នាក់បាត់បង់ជីវិតរួមមានទាំងយោធា ជនស៊ីវិល និងក្រុមឧទ្ទាមគាំទ្រ ISIS។

តាមការបញ្ជាក់របស់រដ្ឋាភិបាលបានឲ្យដឹងថា «យោធាបានចំណាយពេលវេលាជិត ៥ខែ ក្នុងបណ្តេញក្រុមឧទ្ទាម Maute ដែលបានផ្តាច់ជីវិត​សមាជិកក្រុមនេះជាង ៨០០នាក់ ក្នុងនោះមានទាំងអ្នកប្រយុទ្ធ មកពីបរទេស​ផងដែរ»។ បន្ថែមពីនេះ ខាងរដ្ឋាភិបាលវិញ យោធាសរុប ១៦២នាក់បានស្លាប់ និងជនស៊ីវិល ៤៧នាក់បាត់បង់ជីវិត ក្នុងសង្គ្រាម​ដែលបាន​ចាប់ផ្តើមឡើងកាលពីថ្ងៃទី២៣ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧៕