(កាប៊ុល)៖ ពលទាហាន​ប្រហែល ៤៣នាក់ បានបាត់បង់ជីវិតនៅក្នុង​ការវាយប្រហារ​មួយទាំង​កណ្តាលរាត្រី ដែលធ្វើឡើង​ដោយក្រុម​ឧទ្ទាម​​តាលីបង់ ក្នុងស្រុក ម៉ាយវ៉ាដដ៍ (Maywand) នៅខេត្ត កាន់ដាហា (Kandahar) ភាគខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ​ ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀល​​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

មន្រ្តីយោធា​អាហ្វហ្គានីស្ថាន​មួយរូបបានឲ្យ​ដឹងថា ជនសកម្មប្រយុទ្ធ​ជាច្រើននាក់ បានវាយលុក​មកលើមូលដ្ឋាន​យោធាមួយក្លែង ស្ថិត​នៅ​ក្នុង​តំបន់ ចាស់ស្មូ (Chashmo) នៃស្រុក Maywand ដោយប្រើប្រាស់​រថយន្តបំផ្ទុះ​គ្រាប់បែក និងកាំភ្លើង​ចម្រុះ អំឡុងយប់​ថ្ងៃពុធម្សិលមិញ ហើយការ​ប្រយុទ្ធគ្នា​បានបន្តរហូតដល់​ព្រលឹមទាបភ្លឺ​ព្រហស្បតិ៍នេះ មុនពេលដែលកង​កម្លាំងជំនួយ មកដល់ទីតាំងរង​ការវាយប្រហារ។

គួរបញ្ជាក់ថា កងទ័ពសរុប ៤៣នាក់ បានស្លាប់និង​មួយចំនួនទៀត​បានរងរបួស ស្របពេលដែល​ខាងក្រុម​សកម្មប្រយុទ្ធ ក៏មានមនុស្ស​​បាត់​បង់ជីវិត​ និងរបួស​ដូចគ្នាផងដែរ នៅក្នុង​ការប្រយុទ្ធគ្នានេះ ក៏ប៉ុន្តែមិនដឹងពី​ចំនួនជាក់ច្បាស់​នោះឡើយ៕