(ប៉ារីស)៖ ផ្អែកលើការស៊ើបអង្កេត​អស់រយៈពេល​ជាង ០៦ឆ្នាំ មកនេះ អ្នកសារព័ត៌មាន​ពីររូប មកពីកាសែត​បារាំង Médiapart លោក ហ្វាប្រាយស៍ អាហ្វី (Fabrice Arfi) និងលោក ខាល ឡាសក៍ (Karl Laske) បានចេញផ្សាយ​សៀវភៅមួយ​ ដែលបង្ហាញពីទំនាក់ទំនង​ដ៏អាថ៌កបាំង​ រវាងអតីត​ប្រធានាធិបតី​បារាំង លោក នីកូឡាស់ សាកូហ្ស៊ី (Nicolas Sarkozy) និងមន្ត្រីជំនិតរបស់​លោក​ ជាមួយអតីត​មេដឹកនាំ​លីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi)។ នេះបើតាម​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងសៀវភៅ​មួយ​មានចំណង​ជើងថា «Avec les compliments du guide» ឬ «ជាមួយការសរសើរ​របស់អគ្គ​មគ្គុទេ្ទសក៍» ដែលចេញលក់​នៅថ្ងៃទី១៨ ខែ​តុលា អ្នកសារព័ត៌មាន​ទាំងពីររូប បានរកឃើញទំនាក់ទំនង​ដ៏ស្អិតល្មួត រវាងអគ្គមគ្គុទេសក៍លីប៊ី លោក Kadhafi ជាមួយលោក Sarkozy និងក្រុមមន្ត្រី​ជំនិតមួយ​ចំនួនទៀត​របស់លោក ពាក់ព័ន្ធនឹង​ការទទួល​យកប្រាក់ ០៥លានអឺរ៉ូ ពីអតីតមេដឹកនាំ​លីប៊ីរូបនេះ ទៅប្រើប្រាស់នៅ​ក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីបារាំង នៅឆ្នាំ២០០៧។

ជាងនេះទៅទៀត បើតាមអ្នក​សារព័ត៌មាន Médiapart ដដែល ប្រាក់ ០៥លានអឺរ៉ូនេះ ត្រូវបានប្រគល់​តាមរយៈអ្នកជំនួញ​សញ្ជាតិបារាំង​ដើមកំណើត​លីបង់ លោក ហ្ស៊ីអាដ តាឃីដឌីន (Ziad Takieddin) ជាបីដំណាក់​កាល ក្នុងនោះប្រគល់​ឱ្យ​លោក ក្លូដ គេអាន (Claude Guéant) ជាអតីត នាយកខុទ្ទកាល័យ​ក្រសួងមហាផ្ទៃ​បារាំង​ចំនួនពីរលើក និងមួយលើកប្រគល់​ដល់ដៃ លោក Sarkozy ផ្ទាល់តែម្ដង ហើយមិន​តែប៉ុណ្ណោះ​ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់​លីប៊ី ក៏ធ្លាប់បាន​សន្យាផ្ដល់ ប្រាក់ ៥០លានអឺរ៉ូ ឱ្យអតីតប្រធានាធិបតី​បារាំង​រូបនេះ​ផងដែរ។

គួររំលឹកថា កាលពី​ឆ្នាំ២០១១ បារាំង សហរដ្ឋអាមេរិក និងអង់គ្លេស បានបញ្ជូន​កងកាម៉្មង់ដូរ​ពិសេសរបស់ខ្លួន​ ឱ្យទៅធ្វើអន្តរាគមន៍​ជួយផ្ដួលរំលំរបបដឹកនាំ​ លោក Mouammar Kadhafi ដែល​ពួកគេហៅថា របបផ្ដាច់ការ​ដើម្បីស្វែងរក​សន្តិភាព និងប្រជាធិបតេយ្យ​ជូនប្រជាជន​លីប៊ី។ ប៉ុន្តែក្រោយ លោក Kadhafi ត្រូវគេបាញ់​ស្លាប់​តៃហោង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ លីប៊ីត្រូវ​បែងចែកជាពីរ ហើយជម្លោះ និងអំពើហិង្សា​នៅតែបន្តកើតមាន​មកទល់នឹងពេល​បច្ចុប្បន្ន។ ដោយឡែក ជុំវិញមរណៈភាព​នេះដែរ ក្រុមអង្គការ​ចំនួន ១៥ នៅអាហ្រ្វិក​បានដាក់ពាក្យ​បណ្ដឹង ប្រឆំាងនឹង​លោក Nicolas Sarkozy ទៅកាន់តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ក្រោមបទចោទថា លោកជាអ្នក​នៅពីក្រោយ​ការស្លាប់របស់ លោក Kadhafi និងប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម ក៏ដូចជា​បង្កអស្ថេរភាព​នៅអាហ្វ្រិក​ខាងជើងទាំងមូល៕