(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិក​បានចាត់​ទុកថា​មេដឹកនាំយោធា​មីយ៉ាន់ម៉ា​ គឺជាអ្នកទទួល​ខុសត្រូវ​លើវិបត្តិជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​បច្ចុប្បន្ន ហើយដែលនេះ​គឺបង្ហាញពីការ​យល់ឃើញ​ខុសគ្នា​ ជាមួយរដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អោងសាន ស៊ូជី។ នេះបើតាមការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន លោក ធីល្លឺសុន បានលើក​ឡើងយ៉ាងដូច្នេះថា «យើងពិតជា​មានការ​ព្រួយបារម្ភ​ក្រៃលែង ចំពោះអ្វីដែល​កំពុងកើតឡើង​លើជនជាតិ​រ៉ូហ៊ីងយ៉ា ក្នុងប្រទេស​មីយ៉ាន់ម៉ា ... ខ្ញុំបានទាក់ទងជាមួយលោកស្រី អោង​សាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល ដូចដែលអ្នក​បានដឹងថា នេះគឺជា​ការចែករំលែក​អំណាចនៃ​រដ្ឋាភិបាល ហើយយើង​បានចាត់ ទុកថា មេដឹកនាំយោធា​គឺជាអ្នកទទួលខុស​ត្រូវ លើអ្វីដែល​កំពុងកើត​ឡើង។ ក៏ប៉ុន្តែ​ចូរចាំទុកថា សហរដ្ឋអាមេរិក​នឹងមិនឈរនៅ​ស្ងៀម ចំពោះមុខអំពើ​សាហាវឃោឃៅ​ដែលត្រូវបាន​រាយការណ៍​នាពេលថ្មីៗ​នេះទេ»

គួររំលឹកថា អំពើហិង្សា​នៅក្នុងរដ្ឋ Rakhine បានផ្ទុះឡើង​កាលពី​ថ្ងៃទី២៥ ខែសីហា ដោយបណ្ដាល​ឱ្យមនុស្សរាប់សិប​នាក់បាត់បង់ជីវិត និងជនជាតិ​រូហ៊ីងយ៉ា​​ច្រើនជាងកន្លះលាននាក់ បានភៀសខ្លួនទៅកាន់ប្រទេស​បង់ក្លាដែស បើទោះជា​ដឹងថា ត្រូវប្រឈមមុខ​នឹងគ្រោះថា្នក់​ដល់អាយុជីវិត នៅពេលធ្វើ​ដំណើរ​ក៏ដោយ៕