(ម៉ូស្គូ)៖ កម្មវិធី Deep Space Gateway ជាមួយទីភ្នាក់ងារ​អវកាសអាមេរិក NASA មានគោលដៅដើម្បី​បង្កើត មូលដ្ឋានក្បែរ​ឋានព្រះច័ន្ទ​មួយ នៅក្នុងចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៦។ នេះបើតាម​ការចេញផ្សាយ ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ដកស្រង់​ដោយ​សារព័ត៌មាន​ TASS នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

ប្រធាន​ទីភ្នាក់ងារ Roscosmos លោក អ៊ីហ្គ័រ​ កាម៉ារ៉ូវ (Igor Kamarov) បានថ្លែងថា កម្មវិធីខាងលើ​ត្រូវបានរចនា​ឡើង ដើម្បីបង្កើតមូលដ្ឋាន​ក្បែរឋានព្រះ​ច័ន្ទ​នៅចន្លោះ​ឆ្នាំ២០២៤ និងឆ្នាំ២០២៦ ហើយយើងបាន​ព្រមព្រៀង​ថា នឹងធ្វើការរួមគ្នា ដោយវាគឺជាក្តីប្រាថ្នា​របស់ NASA និង Roscosmos។ ពួកយើងក៏បើកចំហ​ស្វាគមន៍​ប្រទេសដទៃៗ​ទៀត នៅក្នុងគម្រោងនេះ​ផងដែរ ហើយពុំមែន​សម្រាប់តែអ្នកដែល​កំពុងចួលរួម នៅក្នុង​ស្ថា​នីយ៍​អវកាស​អន្តរជាតិ ISS នោះឡើយ។

លោក Kamarov បានបន្តថា ទីភ្នាក់ងារ​អវកាស Roscosmos បានមើលឃើញថា បណ្តាប្រជាជាតិ​នៅអាស៊ី និងអាមេរិកឡាទីន កំពុងតែ​មានចំណាប់​អារម្មណ៍​ខ្លាំងក្នុងវិស័យ​អវកាសនេះ តាមរយៈការចូលរួម​ក្នុងកម្មវិធីសាកល្បង ក៏ដូចជាធ្វើតេស្តផ្សេងៗ ហើយ​លោកសង្ឃឹម​ថា ប្រទេសជា​ច្រើនជុំវិញ​ពិភពលោក នឹងចូលរួមនៅក្នុងគម្រោង Deep Space Gateway ថែមទៀត។

គួរបញ្ជាក់ថា កាលពីចុង​ខែកញ្ញាកន្លងទៅ ទីភ្នាក់ងារអវកាស​​អាមេរិក NASA និងសមភាគី​​រុស្ស៊ី Roscosmos បានចេញ​សេចក្តីប្រកាស ស្តីពី​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​​លើការសាងសង់​ស្ថានីយ៍​អវកាស ដែលដើរតួនាទីប្រៀបដូចជា​​កំពង់ផែមួយ នៅក្នុងគន្លង​នៃ​ឋានព្រះច័ន្ទ៕