(វ៉ាស៊ីនតោន)៖ អ្នកជំនាញ​អាមេរិកម្នាក់ ផ្នែកកិច្ចការសន្តិសុខ​តំបន់អាស៊ីខាងកើត លោក ហ្គរដុង ឆាង (Gordon Chang) បានចោទ​ប្រកាន់ឥតលាក់​លៀមថា ចិនបានជួយ​កូរ៉េខាងជើង​ក្នុងការផលិតមីស៊ីល ផ្លោងតាម​រយៈការផ្គត់ផ្គង់​បរិក្ខាយោធា​ និងបច្ចេកវិទ្យា​ដល់មហាមិត្ត​របស់ខ្លួន​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

លោក Gordon Chang​ ថ្លែងបែបនេះ​នៅក្នុងបទសម្ភាសន៍​ ជាមួយស្ថានីយ៍​ទូរទស្សន៍ Fox News​ កាលពី​ថ្ងៃពុធ។ លោក Chang​ បានគូស​បញ្ជាក់ដូច្នេះថា «ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បានជួយបំពាក់​បំប៉នរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង ជាមួយការផ្ដល់អាវុធ បរិក្ខាយោធា និងបច្ចេកវិទ្យា​ជាច្រើន។ ជាក់ស្ដែង មីស៊ីល ICBM ដែលកូរ៉េខាងជើង​បានធ្វើតេស្ដ​កាលពី​ថ្ងៃទី០៤ និងថ្ងៃទី២៨ ខែកក្កដា ត្រូវបានដឹកជញ្ជូន​ទៅកាន់តំបន់​ធ្វើតេស្ដ​មីស៊ីល ដោយរថយន្ដបាញ់​មីស៊ីល​របស់ចិន ហើយមិនតែ​ប៉ុណ្ណោះ ការបាញ់សាកល្បង​មីស៊ីលកាលពី​ខែសីហា ឆ្នាំ២០១៦ និង ខែកុម្ភៈ និងឧសភា ឆ្នាំ២០១៧នេះ ក៏ទំនងជា​បានប្រើប្រាស់​នាវាមុជទឹកបាញ់​មីស៊ីល JL-1 របស់ចិនផងដែរ។

គួរបញ្ជាក់ថា ប្រឈមមុខ​នឹងសម្ពាធពី​សហរដ្ឋអាមេរិក ចិនត្រូវបង្ខំ​ចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កូរ៉េខាងជើង ខណៈអ្នកជំនាញខ្លះ​នៅតែយល់ថា នេះមិនមែន​មាន​ន័យថា ទីក្រុងប៉េកាំង បោះបង់ចោល​កូរ៉េខាងជើង​នោះ​ឡើយ។ តែទោះជាបែប​នេះក្ដី លោក Gordon Chang ក៏យល់ដែរថា បើចង់ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង គួរតែនិយាយ​ឱ្យត្រូវគ្នាជាមួយចិន​ជាមុនសិន​ ជាពិសេស​នៅក្នុងឱកាស​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បំពេញដំណើរ​ទស្សនកិច្ច​មកកាន់តំបន់​តំបន់អាស៊ី​នៅថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខនេះ៕