(ព្យុងយ៉ាង)៖ សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េ ដែល​គ្រប់គ្នា​ស្គាល់ថា​កូរ៉េខាងជើង​នោះ បានប្រកាស​ថ្កោលទោស​ធ្ងន់ៗ ចំពោះសមយុទ្ធយោធា​​ជើងទឹកជាថ្មី រវាង​សហរដ្ឋ​អាមេរិក និងប្រទេស​កូរ៉េខាងត្បូង ដែលជាព្រឹត្តិការណ៍ធំបំផុត មិនធ្លាប់កើតមាន​ពីមុនមកនោះ​ឡើយ។ នេះ​បើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

អ្នកនាំពាក្យគណៈកម្មាធិការ ដោះស្រាយគ្រាមានអាសន្ន​របស់កូរ៉េខាងជើង ប្រឆាំងនឹង​សមយុទ្ធ​នុយក្លេអ៊ែរ បានចេញសេចក្តីថ្លែងការណ៍​យ៉ាងដូច្នេះថា «ការធ្វើសមយុទ្ធនេះ គឺបង្ហាញយ៉ាង​ច្បាស់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងបញ្ចេញចេតនា​កាន់តែ​ច្បាស់​ទៅរក​ការធ្វើសង្គ្រាមនៅតំបន់ឧបទ្វីបកូរ៉េ ទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ»។ កូរ៉េខាងជើង​សង្កត់​ធ្ងន់ទៀតថា «សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងតែសម្លឹងមើលឱកាស ដើម្បី​ធ្វើការ​វាយប្រហារដោយរៀបចំទុកជាមុន មកលើ​ទីក្រុងព្យុងយ៉ាង»។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានគំរាមកម្ទេច​សមយុទ្ធយោធា​​រវាងកូរ៉េខាងត្បូង និងអាមេរិក ដោយធ្វើការធ្វើ​វាយប្រហារបញ្ចប់​តែមួយលើក ឬឲ្យមានផ្សែងហុយតែមួយទីតាំងប៉ុណ្ណោះ។ សមយុទ្ធ​រវាង​អាមេរិក និងកូរ៉េខាងត្បូង បាននឹងកំពុងតែ​ប្រព្រឹត្តនៅក្នុងដែនទឹកក្បែរ​​ឧបទ្វីប​កូរ៉េ ដោយមាន​ការចូលរួមពី នាវាដឹកយន្តហោះ​ចម្បាំង-នុយក្លេអ៊ែរ Ronald Reagan មួយគ្រឿង, នាវាមុជទឹក​នុយក្លេអ៊ែរបី​គ្រឿង, នាវាចម្បាំង ៤០គ្រឿង (នាវាពិឃាត Aegis) និងយន្តហោះ​ចម្បាំងជាច្រើន​គ្រឿងទៀត ដែលមើលទៅ​ពិតជាគគ្រឹកគគ្រេង មិនធ្លាប់មាន​នោះឡើយ៕