(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ទីក្រុងប៉េកាំង​មានបំណង​ធ្វើទំនើបកម្ម​កងកម្លាំងរបស់ខ្លួន​ ឱ្យបានត្រឹម​ឆ្នាំ២០៣៥ ដើម្បីឆ្លើយតប​យ៉ាងពេញលេញ​ ទៅនឹង​បញ្ហាប្រឈម និងតម្រូវការ​ក្នុងសម័យ​ទំនើប។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​អង្គសមាជបក្សកុម្មុយ​នីស្ដ​ចិនលើទី១៩ នៅថ្ងៃពុធនេះ លោក ស៊ី ជិនពីង បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងធ្វើ​ឱ្យបេសកកម្ម​ក្នុងការធ្វើទំនើប​កម្ម​វិស័យ​ការពារជាតិ និងកងកម្លាំង​របស់យើង​ ត្រូវបញ្ចប់ជាមូលដ្ឋាន​ទាំងស្រុង​នៅឆ្នាំ២០៣៥... ក៏ប៉ុន្តែព្រម​ពេលជា​មួយគ្នា ចិនក៏ត្រូវ​អនុវត្តន៍យ៉ាងពេញលេញ​ផងដែរ នូវគោលគំនិត​របស់បក្សសំដៅ​ពង្រឹង​កងទ័ព ឱ្យចូលទៅ​ក្នុង​យុគសម័យថ្មី និងសម្របខ្លួន​ទៅតាមលក្ខខ័ណ្ឌ​យុទ្ធសាស្ត្រ​យោធា»

គួរបញ្ជាក់ថា បើតាម​លោក ស៊ី ជិនពីង ចិនគួរតែ​បង្កើតកងទ័ព​ដែលមានថាមពល និងទំនើប​បំផុត ជាមួយនឹងការ​ធ្វើទំនើបកម្ម​កងនាវា កងកម្លំាងទ័ពអាកាស កងកម្លាំងគ្រាប់រ៉ុក្កែត និងកងកម្លំាងយុទ្ធសាស្ត្រ ព្រមទាំងការ​បង្កើតប្រព័ន្ធប្រយុទ្ធ​ទំនើបៗ​ផងដែរ។ ដោយឡែក​កាលពីពេលថ្មីៗនេះ សម្ព័ន្ធមិត្តចិន គឺប្រទេសរុស្ស៊ី ក៏បានធ្វើការប្តេជ្ញាបង្កើន​សមត្ថភាព​សព្វាវុធ​គ្រប់ប្រភេទ ដើម្បីទប់ទល់​នឹងការកើតឡើង នៃអំណាច​សហរដ្ឋអាមេរិក​ផងដែរ៕