(អាមេរិក)៖ ការធ្វើតេស្ត​សាកល្បង​សមត្ថភាព រថយន្តបើកបរ​ដោយស្វ័យប្រវត្តិ ឬដោយ​ខ្លួនឯង នឹងចាប់ផ្តើមឡើង​នាពេលឆាប់ៗ​ខាងមុខ​នេះ នៅក្នុងរដ្ឋញូយ៉ក​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

អាជ្ញាធររដ្ឋ​ញូយ៉ក នឹងរួមសហការ​ជាមួយក្រុមហ៊ុន General Motors និង Cruise Automation ដើម្បីចាប់ផ្តើម​ការធ្វើតេស្ត​ «រថយន្ត​បើក​បរដោយស្វ័យប្រវត្តិ» នាអំឡុងដើម​ឆ្នាំ២០១៨​ ខាងមុខ។ អភិបាលរដ្ឋ លោក អាន់ឌ្រូ ឃ្យូអូម៉ូ (Andrew Cuomo) បានប្រកាសថា «យានជំនះមាន​​សក្តានុពល ដើម្បីសន្សំ​សំចៃ​ពេលវេលា និងជួយ​សង្រ្គោះជីវិត ហើយពួកយើង​ពិតជាមានមោទនភាព​ណាស់ ក្នុងការធ្វើកិច្ច​សហប្រតិបត្តិ​ការ​​ជា​មួយ​ក្រុមហ៊ុន GM និង Cruise ពាក់ព័ន្ធនឹងអនាគត​នៃបច្ចេកវិទ្យា​ដ៏គួរឲ្យរំភើប»។

គួរបញ្ជាក់ថា បើតាមសេចក្តី​ប្រកាសព័ត៌មាន​ខាងលើ នាយកដ្ឋាន​យានយន្ត ព្រមទាំងប៉ូលិសរដ្ឋញូយ៉ក នឹងធ្វើការជា​មួយក្រុមហ៊ុន General Motors និង Cruise Automation ដើម្បីធានាថា រាល់ការធ្វើ​តេស្តសាកល្បង​ទាំងអស់ នឹងត្រូវតាម​លក្ខខណ្ឌ​ទាមទារ​នៃផ្នែកត្រួតពិនិត្យសុវត្ថិភាព៕