(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក សី ជិនពីង បានប្តេជ្ញាថា គណបក្សកុម្មុយ​នីស្ដចិន នឹងអភិវឌ្ឍន៍​ប្រទេសចិន​ ឱ្យក្លាយទៅជាកំពូលប្រទេសសង្គម​និយម​ទំនើប នៅពាក់​កណ្ដាលសតវត្សរ៍ទី២១ ខាងមុខនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

លោក ស៊ី ថ្លែងបែបនេះ​នៅក្នុងរបាយកាណ៍​ការងារ ដាក់ជូនអង្គសមាជ​ជាតិ​ទី១៩ ដែលបាន​ចាប់ផ្ដើមបើកទ្វារ​ប្រជុំ នៅព្រឹកថ្ងៃពុធនេះ​ នៅឯលាសមហាវិមានប្រជាជនចិ ​ក្នុងទីក្រុង​ប៉េកាំង។ នៅក្នុង​របាយការណ៍​ដដែល ក្រោមចំណងជើងថា «ធានាឱ្យ​បាននូវជ័យជម្នះ ដ៏សំខាន់ក្នុង​ការកសាងសង្គម​ប្រកបដោយ​សុខមាលភាព និងខិតខំដើម្បី​ទទួលបាន​ជ័យជម្នះ​ដ៏អស្ចារ្យ​ នៃសង្គមនិយម​តាមបែប​ចិន​សម័យថ្មី» លោក ស៊ី បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «អរគុណ​សម្រាប់ការខិតខំប្រឹង​ប្រែង​របស់អ្នក​ទាំងអស់គ្នា រាប់ទសវត្សរ៍​មកនេះ... នេះគឺជាចំណុច​របត់ប្រវត្តិសាស្ត្រ​ថ្មីមួយ នៃការ​អភិវឌ្ឍ​របស់ចិន។ យើងត្រូវតែផ្ដោត​សំខាន់លើសង្គម​និយម មានលក្ខណៈចិន ក្នុងការកសាង​សករាជថ្មី ដើម្បីលើក​កម្ពស់បន្ថែម ទ្រឹស្ដី ម៉ាក-លេនីន, ម៉ៅ សេទុង និង តេង សៀវពីង ដែល ទ្រឹស្ដីទាំងបី​នេះ តំណាងឱ្យទស្សនវិស័យ​វិទ្យាសាស្ត្រ​ ស្ដីពីការអភិវឌ្ឍ»

គួរបញ្ជាក់ថា ប្រតិភូច្រើន​​ជាង ២,០០០នាក់ បានចូលរួមក្នុងសមាជ​បក្សកុម្មុយនីស្ដចិន ​ក្រោមការរឹតបន្តឹង​សន្តិសុខ​យ៉ាងតឹងរ៉ឹង។ ការប្រជុំបិទទ្វារ​​នេះត្រូវធ្វើឡើងក្នុង​រយៈពេលប្រាំ​ឆ្នាំម្ដង ដើម្បីកំណត់ថា នរណាជា​អ្នកដឹកនាំ​​ប្រទេសចិនបន្ត និងទិសដៅ​របស់​ប្រទេស​សម្រាប់អាណត្តិ​បន្ទាប់ ហើយសមាជបក្ស​កុម្មុយនីស្ដ​ចិន ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅ​សប្ដាហ៍​ក្រោយ៕