(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឆេះភ្លើង​ជម្លោះដែល​រលត់បាត់ តាំងពីរយូរណាស់មកហើយ​ជាថ្មីម្តង​ទៀត ជាមួយ​និងព្រឹទ្ធសមាជិកជាន់ខ្ពស់ លោក ចន ម៉ាកខេន (John McCain) ដោយព្រមានថា លោកនឹងតដៃទៅវិញ ហើយវានឹង​មិនល្អមើលនោះឡើយ បន្ទាប់ពីអ្នកនយោបាយជើងចាស់ដ៏ល្បីឈ្មោះរូបនេះ ទំនងជាបានថ្លែងរិះគន់​សំដៅលើ លោក ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌​មាន​ Channel News Asia នៅព្រឹក​ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

ថ្លែងក្នុងព្រឹត្តិការណ៍​មួយ នៅឯទីក្រុង ហ្វីឡាឌែលហ្វ្យ៉ា (Philadelphia) នៃរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) ដើម្បីរំលឹក​ពីស្នាដៃ​នានា ដែលលោក​សម្រេចបាន​នៅក្នុងជីវិត​​លោក John McCain បានបង្ហាញគោលជំហរប្រឆាំងនឹង «នយោបាយយកអាមេរិកជាធំ» ដែលដាក់ចេញដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។ ជុំវិញរឿងនេះ លោក ត្រាំ ក៏បានប្រតិកម្មភ្លាមៗ ដោយនិយាយថា «មនុស្ស​យើងគួរតែ​ប្រយ័ត្នបន្តិច ព្រោះថា​ដល់ចំណុចណាមួយ​ខ្ញុំ​នឹងវៃតបតទៅវិញ។ នាពេលនេះ​ខ្ញុំកំពុងធ្វើចិត្ត​ល្អ​ណាស់ តែដល់​ដំណាក់ណាមួយ ខ្ញុំនឹងតដៃវិញ​ហើយ​វានឹងមិនស្រាល​នោះឡើយ»​

គួរបញ្ជាក់ថា បញ្ហាវិវាទ​រវាងលោក ត្រាំ ដែលធ្លាប់ជា​មហាសេដ្ឋី​អចលនទ្រព្យ និងជាអ្នក​នយោបាយ​ថ្មីថ្មោង មុនពេលលោក​ឡើង​កាន់​តំណែង​ជាប្រធានាធិបតី​អាមេរិក និង លោក McCain ដែលជា​តំណាងរាស្រ្ត​ជើងចាស់ និងជាវីរៈបុរស​សង្រ្គាមនោះ បានកើតមាន​​ឡើង​តាំងពីយូរណាស់មកហើយ។ តួយ៉ាងកាលពី​ឆ្នាំ២០១៥ លោក ត្រាំ បានដាក់មន្ទិល​សង្ស័យ ចំពោះ​កំណត់ត្រាយោធា​របស់ លោក McCain និងចំអក​ដាក់ព្រឹទ្ធសមាជិក​អាមេរិករូបនេះ​​ ថែមទៀតផង។ លោក McCain ត្រូវបាន​គេដឹងថា មិនមែន​ជាសមាជិកបក្ស​សាធារណៈរដ្ឋ​តែមួយរូបនោះឡើយ ដែលតែងតែសម្តែងការមិនពេញចិត្ត ទៅនឹងលោក ត្រាំ ដែល​ជាមន្ត្រី​ស្ថិតនៅ​ក្នុងបក្សដូចគ្នា៕