(ប៉េកាំង)៖ ព្រឹត្តិការណ៍នយោបាយ​ដ៏ធំរបស់ចិន គឺការបើកសមាជបក្សកម្មុយនីស្ដ ដែលចាប់ផ្ដើមឡើងជាផ្លូវការ​ហើយ​នៅថ្ងៃពុធនេះ នៅក្នុងទីក្រុងប៉េកាំងជាមួយការរំពឹង​ទុកថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងប្រើឱកាសនេះ​ពង្រឹងគោលនយោបាយ​របស់លោកបន្ថែមទៀត។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧។

ប្រតិភូច្រើន​ជាង ២,០០០នាក់ ត្រូវមកជួបប្រជុំគ្នា​ក្រោមការរឹតបន្តឹងសន្តិសុខ​យ៉ាងតឹងរ៉ឹង ហើយការប្រជុំបិទទ្វារ​នេះ ត្រូវធ្វើឡើងក្នុង​រយៈពេលប្រាំ​ឆ្នាំម្ដង ដើម្បីកំណត់ថា នរណាជា​អ្នកដឹកនាំ​ប្រទេសចិនបន្ត និងទិសដៅរបស់​ប្រទេស​សម្រាប់អាណត្តិបន្ទាប់នោះ។ ក៏ប៉ុន្តែ​ទន្ទឹមគ្នាបើតាមក្រុមអ្នកជំនាញ​ចិន លោក ស៊ី ជិនពីង ដែលបានឡើងកាន់ដំណែងកាល​ពីឆ្នាំ២០១២ ត្រូវបាន​គេរំពឹងថា អាចនឹង​ទទួលបាន​ការគំាទ្រពី​សមាជបក្ស​ ឱ្យបន្តធ្វើជាប្រមុខដឹកនាំ​គណបក្សកុម្មុយនីស្ដ​ចិន​ដដែល។

គួរបញ្ជាក់ថា នៅថ្ងៃបើក​សមាជបក្សនេះដែរ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ក្រោមការដឹកនាំ​របស់លោក ០៥ឆ្នាំ មកនេះ​ប្រជាជនចិន ៦០លាននាក់ បានគេចផុត​ពីភាព​ក្រីក្រ។ សមាជបក្ស​កុម្មុយនីស្ដចិន ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅ​សប្ដាហ៍​ក្រោយ៕