(ញូយ៉ក)៖ កូរ៉េខាងជើង​នៅ​ថ្ងៃអង្គារនេះ បានព្រមាន​បណ្ដាប្រទេស​ទាំងអស់ ដែលមានអាសនៈ​នៅក្នុងអង្គការ​សហប្រជាជាតិ (UN) ថា បើចង់​សុខខ្លួន​កុំចូលរួមក្នុងសកម្មភាព​យោធារបស់ សហរដ្ឋអាមេរិក ប្រឆាំងនឹង​ទីក្រុងព្យុង​យ៉ាងឱ្យសោះ។ ការព្រមាន​បែបនេះ ធ្វើឡើង​នៅក្នុងកំណត់សម្គាល់មួយ នៃសេចក្ដីថ្លែងការណ៍​របស់អគ្គរដ្ឋទូតរងកូរ៉េខាងជើង​ប្រចាំ UN លោក គីម អ៊ីនរីយ៉ុង (Kim In Ryon) សម្រាប់កិច្ចសន្ទនា​ស្ដីពីអាវុធនុយក្លេអ៊ែរ រៀបចំឡើងដោយគណៈកម្មាធិការ​ នៃមហាសន្និបាត UN។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​ខាងលើ លោក Kim In Ryon បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា​«ដារាណា​គ្មានការចូលរួម​ក្នុងសកម្មភាព​យោធា​ របស់សហរដ្ឋអាមេរិក​ប្រឆាំងនឹងកូរ៉េខាងជើង យើងគ្មាន​បំណងប្រើប្រាស់ ឬក៏គំរាមប្រើ​អាវុធនុយក្លេអ៊ែរ​ប្រឆាំងនឹងបណ្ដាប្រទេស​ដទៃនោះទេ... ផ្អែកលើសមត្ថភាព​មីស៊ីលផ្លោង​របស់យើង​នៅពេលនេះ ទឹកដី​អាមេរិកទាំងមូល​គឺស្ថិតនៅជិតយើង បង្កើយ ដូច្នេះបើសិនជា​ទីក្រុងវ៉ាស៊ីនតោន ហ៊ាន​ឈ្លានពាន​ទឹកដីដ៏ពិសិដ្ឋរបស់យើង សូម្បីតែមួយអ៊ីញ នោះកុំសង្ឃឹមថា នឹងរួចផុតពី​ការដាក់ទណ្ឌកម្ម​ដ៏ធ្ងន់ធ្ងរ​របស់យើង​មិនថា នៅទីណា នោះទេ​នៅលើពិភពលោក​មួយនេះ»។

គួរបញ្ជាក់ថា បើតាម លោក Kim In Ryon កូរ៉េខាងជើងនឹង​មិនយកកម្មវិធី​អាវុធនុយក្លេអ៊ែរ ដាក់លើតុចរចា​ជាដាច់ខាត ដរាបណា​សហរដ្ឋអាមេរិក​នៅតែប្រកាន់​គោលនយោបាយប្រឆាំង នឹងទីក្រុង​ព្យុងយ៉ាង ខណៈទីក្រុង​សេអ៊ូល​បានព្យាករណ៍​ថា របបកុម្មុយនីស្ដឯកោមួយនេះ អាចនឹងបាញ់សាកល្បងមីស៊ីល​ជាថ្មីម្ដងទៀត ក្នុងពេល​ឆាប់ៗនេះ៕