​(កាប៊ុល)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់​ ត្រូវបានសម្លាប់ និង១៦០នាក់​ផ្សេងទៀត​រងរបួស នៅក្នុងការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក​អត្តឃាត នៅក្បែរមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ប៉ូលិស មួយកន្លែង​ក្នុងទីក្រុង ហ្គាដែស (Gardez) នៃខេត្ត ផាកធា (Paktia) ភាគខាងកើតប្រទេស​​អាហ្វហ្គានីស្ថាន។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

យោង​តាមអាជ្ញាធរ​នៅក្នុងតំបន់ជនរងគ្រោះ​ នៅក្នុងការវាយប្រហារ​​ដោយបំផ្ទុះគ្រាប់បែក​នៅថ្ងៃអង្គារនេះ ភាគច្រើន​ជាប៉ូលិស និងជន​ស៊ីវិល។ ជាមួយគ្នា​នោះដែរ សមាជិកម្នាក់​មកពី​ក្រុមប្រឹក្សា ខេត្ត Paktia លោក អាឡាម ម៉ឺ ប្រាហ៍រ៉ាម (Alam Mir Bahram) បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ​មានគ្នាប្រហែលជា ០៦នាក់ បានដឹកនាំ​ការបំផ្ទុះគ្រាប់បែក​អត្តឃាត ដោយប្រើរថយន្ដពីរគ្រឿង​ នៅក្បែរមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ប៉ូលិស និងបង្កជាការខូចខាត​ធ្ងន់ធ្ងរ​ផងដែរ។
ប៉ុន្តែទន្ទឹមគ្នា​ពុំទាន់មាន​ក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈអាជ្ញាធរ​កំពុងដាក់​ការសង្ស័យ លើក្រុមឧទ្ទាម​តាលីបង់ ដែលតែងតែ​ដឹកនាំសកម្មភាព​វាយប្រហារ​របៀបនេះ ប្រឆាំងនឹង​កងកម្លាំងសន្តិសុខ​រដ្ឋាភិបាល និងបរទេស​នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន៕