(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុករាល់​ការចោទប្រកាន់​ ពាក់ព័ន្ធនឹងអំពើ​បៀតបៀន​ផ្លូវភេទ ប្រឆាំង​​មកលើ​រូបលោក​ថាជា «ព័ត៌មានក្លែងក្លាយ» បន្ទាប់ពី​ក្រុមយុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក ត្រូវបាន​កោះហៅ ក្រោមក្របខណ្ឌនៃ​​សំណុំរឿងបរិហារកេរ្តិ៍មួយ ដែលប្តឹងដោយ​អតីតបេក្ខនារី​ម្នាក់ នៅក្នុងកម្មវីធីកម្សាន្ត​ទូរទស្សន៍ (TV Show) ដែលលោក ត្រាំ ធ្លាប់​បាន​​ដឹក​នាំ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

ជុំវិញរឿងនេះ ថ្លែងទៅកាន់ក្រុម​អ្នកសារព័ត៌មាន​នៅឯសេតវិមាន លោកប្រធានាធិបតី​សហរដ្ឋអាមេរិក បាននិយាយថា «អ្វីដែលខ្ញុំអាច​ហាថ្លែងបាន​នៅពេលនេះ​ គឺវាជាព័ត៌មានក្លែងក្លាយ​ទាំងស្រុង។ វាគឺជារឿង​ភូតកុហក ដែលត្រូវបាន​ប្រឌិតឡើង ហើយវាគឺជា​រឿង​ដ៏គួរឲ្យអាម៉ាស់ ក៏ប៉ុន្តែរឿង​បែបនេះ តែងតែកើតមាន​នៅក្នុងពិភព​នយោបាយ»។

ពាក្យបណ្តឹង​ដោយអ្នកស្រី សាំមឺ ហ្សែវ៉ូស (Summer Zervos) អតីតបេក្ខនារី​ក្នុងកម្មវិធី TV Show «The Apprentice» របស់​លោក ដូណាល់ ត្រាំ បានអះអាងថា​លោក ត្រាំ បានធ្វើសេចក្តី​ថ្លែងការណ៍​កុហក​បោកប្រាស និងប្រមាថមើល​ងាយ​ជាច្រើន ឆ្លើយតបនឹង​ការចោទប្រកាន់​របស់អ្នកស្រី ដែលថា​​លោក ត្រាំ បានព្យាយាម និងប៉ះពាល់រាង​កាយលោកស្រី ដោយគ្មាន​ការអនុញ្ញាត។

គួរបញ្ជាក់ថា សម្រាប់ដីកា​រកោះហៅវិញ បានបង្គាប់ឲ្យ​ក្រុមយុទ្ធនាការ​របស់លោក ត្រាំ ព្រមទាំងដៃគូ​ពាក់ព័ន្ធ ប្រគល់គ្រប់ឯកសា​រ​ពាក់​ព័ន្ធ​នឹង​​​អ្នក​ស្រី Zervos ក៏ដូចជាស្រ្តី​ទាំងឡាយផ្សេងទៀត ដែលបានចោទ​ប្រកាន់ថា លោក ដូណាល់ ត្រាំ បានប៉ះពាល់ខ្លួន​ប្រាណពួកគេ ដោយ​មិន​សមរម្យ៕

-