(ញូយ៉ក)៖ អគ្គរដ្ឋទូតរងកូរ៉េខាងជើង​ប្រចាំ UN លោក​ គីម អ៊ីនរីយ៉ុង (Kim In Ryong) បាននិយាយ​ថា កូរ៉េខាងជើងគាំទ្រទាំង​ស្រុង ចំពោះគំនិត​លុបបំបាត់​អាវុធនុយក្លេអ៊ែរ​នៅលើពិភពលោក ដរាបណាសហរដ្ឋអាមេរិក​ យល់ព្រមបោះ​ចោលអាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​គណៈកម្មាធិការ​ នៃមហាសន្និបាត UN លោក Kim In Ryong បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «​កូរ៉េខាងជើងគាំទ្រ​ទាំងស្រុងចំពោះគំនិត និងកិច្ចខិតខំប្រឹងប្រែង​លុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅលើពិភពលោក​ទាំងមូល ប៉ុន្តែដរាបណា សហរដ្ឋអាមេរិក​នៅតែ​គំរាមកំហែង និងមានចេតនា​អាក្រក់លើ​កូរ៉េខាងជើង ដោយប្រើប្រាស់​អាវុធនុយក្លេអ៊ែរ ឬក៏ទាត់ចោល​សន្ធិសញ្ញា NBT (សន្ធិសញ្ញា​ហាមឃាត់​អាវុធនុយក្លេអ៊ែរ) នោះទីក្រុងព្យុងយ៉ាង​មិនអាចទទួលយក ឬគោរពតាម​សន្ធិសញ្ញានេះឡើយ»។

គួរបញ្ជាក់ថា បើតាម​លោក Kim In Ryong ការកាន់កាប់​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប​ គឺជាវិធានការការពារ​ខ្លួនសមហេតុ​សមផលបំផុត ត្បិត​សហរដ្ឋអាមេរិក នៅតែចិញ្ចឹម​ចិត្តចង់​ឈ្លានពាន និងសម្លាប់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន៕