(ម៉ានីល)៖ ទីបំផុតប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសជាឱឡារឹក​នូវ ការដណ្តើមបានមកវិញទាំងស្រុង ចំពោះទីក្រុង ម៉ារ៉ាវី (Marawi) ស្ថិតនៅក្នុងប្រជុំកោះ មីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ពីកណ្តាប់ក្រុមឧទ្ទាម ដែលជាបណ្តាញ​របស់ក្រុមភេរវករ​​ធំបំផុត​លើពិភពលោក គឺ ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

ការប្រកាសអំពីជ័យជម្នះដ៏ធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរយៈពេល ១៤៨ថ្ងៃ ដែល​សង្គ្រាម​ដ៏ក្តៅគគុកនៅភាគខាងត្បូងហ្វីលីពីននេះ បានអូសបន្លាយ​ដែលជាហេតុបង្កឲ្យមនុស្សរាប់រយ​នាក់បាត់បង់ជីវិតរួមមានទាំងយោធា ជនស៊ីវិល និងក្រុមឧទ្ទាមគាំទ្រ ISIS។

តាមការបញ្ជាក់របស់រដ្ឋាភិបាលបានឲ្យដឹងថា «យោធាបានចំណាយពេលវេលាជិត ៥ខែ ក្នុងបណ្តេញក្រុមឧទ្ទាម Maute ដែលបានផ្តាច់ជីវិត​សមាជិកក្រុមនេះជាង ៨០០នាក់ ក្នុងនោះមានទាំងអ្នកប្រយុទ្ធ មកពីបរទេស​ផងដែរ»។ បន្ថែមពីនេះ ខាងរដ្ឋាភិបាលវិញ យោធាសរុប ១៦២នាក់បានស្លាប់ និងជនស៊ីវិល ៤៧នាក់បាត់បង់ជីវិត ក្នុងសង្គ្រាម​ដែលបាន​ចាប់ផ្តើមឡើងកាលពីថ្ងៃទី២៣ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ៕