(បាកដាដ)៖ កងកម្លាំង​រដ្ឋាភិបាលអ៊ីរ៉ាក់ បានចូលទៅដល់​កណ្ដាលទីក្រុង ឃើគួក (Kirkouk) ហើយ បន្ទាប់ពីបានវាយដ​ណ្ដើមយកតំបន់ប្រេង​ពីរទីតាំង រួមទាំងមូលដ្ឋានទ័ព​អាកាសមួយផងដែរ ពីកង​កម្លាំងឃើដ។ មុនបើក​ប្រតិបត្តិការ​យោធា​ ទីក្រុងបាកដាដ​បានដាក់ឱសានវាទ​ដល់កងកម្លាំងឃើដ ឱ្យដកចេញពីតំបន់​ជម្លោះនៃទីក្រុង​មួយនេះ និងលុបចោល​លទ្ធផលបោះឆ្នោត​ប្រជាមតិ តែឃើដបាន​ទាត់ចោល​សំណើទាំងនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។

យោងតាមក្រុម​មន្ត្រីឃើដ ប្រជាជន​រាប់ពាន់នាក់ បានភៀសខ្លួន​ចេញពីទីក្រុង Kirkuk មុននឹងកងកម្លាំង​អ៊ីរ៉ាក់ចូល​មកដល់។ មិនតែប៉ុណ្ណោះពួកគេបាន​ចាត់ទុកថា ប្រតិបត្តិការ​យោធា​របស់​ទីក្រុងបាកដាដ គឺជាការ​សងសឹក​ទៅនឹងសិទ្ធិ​នៃប្រជាជនឃើដ​អ៊ីរ៉ាក់ ដែលបាន​បោះឆ្នោតប្រកាស​ឯករាជ្យ​ផ្ដាច់ខ្លួនពីអ៊ីរ៉ាក់ និងជាការ​ប្រកាស​សង្រ្គាម ហើយថា ឃើដនឹងឱ្យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ តបស្នងមកវិញ​នូវតម្លៃមួយយ៉ាង​សាកសម។​

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហេដឺ អាល់ អាបាឌី (Haider al-Abadi) កាលពីថ្ងៃចន្ទ​បានអះអាងថា ប្រតិបត្តិការ​ក្នុងទីក្រុង Kirkuk គឺជារឿង ចាំបាចត្រូវ​តែធ្វើដើម្បី​ការពារឯកភាព​ជាតិ ដែលកំពុងរង​ការបំផ្លាញដោយសារ​ ការបោះឆ្នោត​ប្រជាមតិ​ប្រកាសឯករាជ្យ​របស់ឃើដ កាលពីថ្ងៃទី២៥ ខែកញ្ញា។

គួរបញ្ជាក់ថា បើតាមក្រុម​មន្ត្រីឃើដ ក្រុមអ្នកប្រយុទ្ធ​ឃើដ ១០នាក់ បានស្លាប់ និង ២៧នាក់រងរបួស នៅក្នុងការប៉ះទង្គិច​ដោយអាវុធ​ទាំងយប់ជាមួយកងកម្លាំងរដ្ឋាភិបាល​ទីក្រុងបាកដាត។ ចំណែកឯ ក្រុមចំរុះអន្តរជាតិ​ដឹកនាំដោយ​សហរដ្ឋអាមេរិក ក៏បានសម្ដែង​ក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយគូសញ្ជាក់យ៉ាងដូច្នេះថា «ក្រុមចំរុះអន្តរជាតិ​ស្នើឱ្យភាគីពាក់ព័ន្ធ​ទាំងអស់​ បញ្ជៀសរាល់ សកម្មភាព​ទាំងឡាយណានាំ​ទៅរកការប៉ះទង្គិច​ដោយអាវុធ... ហើយយើងនៅតែ​បន្តជម្រុញ និងលើកកម្ពស់​កិច្ចសន្ទនា​រវាងអាជ្ញាធរ​អ៊ីរ៉ាក់ និងឃើដ​ក៏ដូចជាចូលរួមប្រយុទ្ធ​រួមគ្នាប្រឆាំងនឹង សត្រូវរួមរបស់​យើង គឺក្រុម ISIS»