​(ការ៉ាកាស់)៖ គណបក្សប្រឆាំង​វេណេស៊ុយអេឡា បានបដិសេធ​មិនទទួលស្គាល់​ លទ្ធផលបោះឆ្នោតជ្រើសរើស​អភិបាលរដ្ឋនានា កាលពីថ្ងៃអាទិត្យ ដែលបង្ហាញថា គណបក្សកាន់​អំណាចបាន ទទួលសំឡេង​គាំទ្រភាគច្រើនបំផុត ខណៈមានការរំពឹងថា ភាពវឹកវរ​ផ្នែកនយោបាយ​​ អាចនឹងផ្ទុះឡើងជាថ្មី​ម្ដងទៀត។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

លោក ជឺរ៉ាដូ ប្លីដ (Gerardo Blyde) ប្រធាន​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៃគណបក្ស​ឯកភាព​ប្រជាធិបតេយ្យ (MUD) បានស្នើឱ្យ​មានការពិនិត្យ​ឡើងវិញ​ទាំងស្រុង នូវការប្រកួត​ប្រជែង​របស់បេក្ខជន ជាអភិបាល​រដ្ឋ ២៣រូប ក៏ដូចជាអំពាវនាវ​ឱ្យបេក្ខជន​របស់ខ្លួន​នាំគ្នាចេញតាមផ្លូវតវ៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត​នៅថ្ងៃ​ចន្ទនេះ។ «យើងមិនទទួលស្គាល់​ឡើយ នូវលទ្ធផល​បោះឆ្នោត​នៅពេលនេះ... យើងកំពុង​ប្រឈមមុខ​នឹង​ពេលវេលា ដ៏លំបាក​បំផុតសម្រាប់​ប្រទេស​របស់យើង»។ នេះបើតាម​លោក Gerardo Blyde។

តែទោះជា​បែបនេះក្ដី ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា រដ្ឋាភិបាល​លោកទទួល​បានជ័យជម្នះ​យ៉ាងធំធេង ដោយទុកឱ្យ​គណបក្សប្រឆាំង​គ្រប់គ្រងតែ ០៥រដ្ឋ តែប៉ុណ្ណោះ ជាមួយការ​ដណ្ដើមតំណែង​ជាអភិបាលរដ្ឋ​បានចំនួន ២០ ស្របពេល​គណបក្សរបស់លោក កំពុងស្វះសែ្វង​ដណ្ដើមរដ្ឋ​មួយទៀត ជាទីដែល​លទ្ធផលនៅតែបន្ត​ស្ថិតនៅក្នុង ភាពចម្រូង​ចម្រាស់​មកទល់នឹងព្រឹក​ថ្ងៃចន្ទនេះ៕