(វ៉ាស៊ីនតោន)៖ ស្ថាបនិក និងជាម្ចាស់ទស្សនាវដ្ដី​អាសអាភាស​អាមេរិក ដ៏ល្បីល្បាញ​មួយឈ្មោះ ហាសត្លឺ (Hustler) លោក ឡារី ហ្វ្លីន (Larry Flint) បាននិយាយថា លោកនឹងផ្ដល់​ប្រាក់រង្វាន់ ១០លានដុល្លារដល់ នរណាក៏​ដោយឱ្យតែមាន​ព័ត៌មាន នាំទៅរកការទម្លាក់ លោក ដូណាល់ ត្រាំ ពីតំណែងជា​ប្រធានាធិបតី​អាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Washington Post នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅលើអត្ថបទ​ចុះផ្សាយដោយ Washington Post កាលពី​ថ្ងៃអាទិត្យ លោក Larry Flint បានលើក​ឡើងដូច្នេះថា «ខ្ញុំមិនរំពឹង​ឡើយថា មិត្តភក្តិជិតស្និទ្ធរបស់មហាសេដ្ឋី​ ដូណាល់ ត្រាំ នឹងទម្លាយរឿង​របស់លោក ក៏ប៉ុន្តែខ្ញុំជឿជាក់ថា មានមនុស្ស​ជាច្រើនដែល​ដឹងថា លុយ ១០លានដុល្លារ គឺជាចំនួន​ដ៏ច្រើនសន្ធឹក​សន្ធាប់... ហើយដោយសារ​តែ​វិបត្តិបច្ចុប្បន្ន ខ្ញុំនឹង​ផ្ដល់ប្រាក់ ១០លានដុល្លារ សម្រាប់​ព័ត៌មាន​ទាំងឡាយណា​ ដែលអាចទម្លាក់ ឬឱ្យ ដូណាល់ ត្រាំ​ចូលវិនិវត្តន៍​ពីសេតវិមាន»

គួរបញ្ជាក់ថា នេះមិនមែន​ជាលើកទីមួយឡើយ ដែលម្ចាស់ទស្សនាវដ្ដី​អាសអាភាស​រូបនេះ ប្រកាសផ្ដល់​ប្រាក់រង្វាន់​សម្រាប់ព័ត៌មាន​ ដែលអាចទម្លាក់​អ្នកនយោបាយ​ពីតំណែង។ ពោលគឺ កាលពី​ឆ្នាំ២០០៧ លោកក៏ធ្លាប់​បានប្រកាស​ជូនប្រាក់ ១លានដុល្លារផងដែរ ដល់អ្នកអាច​ផ្ដល់ព័ត៌មាន ឬរៀបរាប់ពីរឿង​ផ្លូវភេទរបស់​សមាជិក​សភាផងដែរ៕