(ហាណូយ)​៖ គ្រោះធម្មជាតិរអិលបាក់ដី និងទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់កើតមាន ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​ជោគជាំ កាលពីសប្តាហ៍មុន​នៅតំបន់ភាគ​កណ្តាល និងខាង​ជើងវៀតណាម​នោះ បានផ្តាច់ជីវិត​មនុស្សកើនដល់ ៧២នាក់ និងបានបន្សល់​ទុកមនុស្ស ៣៣នាក់ឲ្យរងរបួស ខណៈ៣០នាក់​ផ្សេងទៀត​​បន្តបាត់ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

បើតាម​ការបញ្ជាក់ពី​អាជ្ញាធរវៀតណាម ជនរងគ្រោះទាំងប៉ុន្មាន​ខាងលើ រួមមាន ២៣នាក់ នៅខេត្ត ហ័រ ប៊ិញ (Hoa Binh) ភាគ​ខាងជើង, ១៦នាក់នៅខេត្ត ថាញ់ ហ័រ (Thanh Hoa) ភាគកណ្តាល, ១៥នាក់នៅខេត្ត យ៉េន បៃ (Yen Bai) ភាគខាងជើង, ០៩នាក់នៅខេត្ត ញ៉េ អាន (Nghe An) ភាគកណ្តាល, និង០៩នាក់ នៅខេត្ត សុន ឡា (Son La) ភាគខាងជើង។ ដោយឡែក ករណីមនុស្សបាត់ខ្លួនទាំង ៣០នាក់ មាននៅខេត្ត Hoa Binh, Thanh Hoa, Yen Bai, និង Son La។

ជាមួយគ្នានេះ​ផ្ទះសម្បែងជាង ៤៩,៦០០ខ្នង ត្រូវបានជន់លិច ឬបំផ្លិចបំផ្លាញ​ទាំងស្រុង ទំនប់ទឹកសរុប​ប្រវែង ៤៦.៩គីឡូម៉ែត្រ នៅក្នុងរដ្ឋ​ធានី​ហាណូយ, ខេត្ត Thanh Hoa ព្រមទាំងខេត្ត​ភាគខាងជើងចំនួន ០៤ទៀតរួមមាន ហា ណាម (Ha Nam), ណាម ឌីញ (Nam Dinh), ថៃ ប៊ីញ (Thai Binh), និង នីញ ប៊ីញ (Ninh Binh) បានលិចធ្លាយ និងខូចខាត ហើយសត្វ​ចិញ្ចឹមជិត ៣០០,០០០ក្បាល ត្រូវបានសម្លាប់​និងហូរ​នាំយក​ទៅតាមទឹក។

គួរជម្រាបថា នៅក្នុងរយៈពេល ០៩ខែ​ដំបូងនៃឆ្នាំ២០១៧នេះ គ្រោះធម្មជាតិ​នៅក្នុងប្រទេស​វៀតណាម បានបណ្តាលឲ្យ​មនុស្ស​ ១៦៩នាក់​ស្លាប់ ឬក៏បាត់ខ្លួន, ២៣២នាក់​រងរបួស, លំនៅឋាន ២៣៦,៨០០ខ្នងខូចខាត, ប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ​សាធារណៈ​រងការ​បំផ្លិចបំផ្លាញគិត​ជាទឹកប្រាក់ជាង ២១.៥ទ្រីលានដុង ស្មើនឹង ៩៥២លានដុល្លារអាមេរិក។ នេះបើតាម​របាយការណ៍ពីការិយាល័យ​ស្ថិតិ​​រដ្ឋវៀតណាម៕