(វ៉ាស៊ីនតោន)៖ អតីតប្រធាន​យុទ្ធសាស្ត្រនយោបាយ​ នៃសេតវិមានអាមេរិក លោក ស្ទេវ បេនណុន (Steve Bannon) បានព្យាករណ៍​ថា លោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោត​ជាប្រធានាធិបតី​អាមេរិក​សាជាថ្មីនៅឆ្នាំ​២០២០ ជាមួយសំឡេង​គាំទ្រភ្លូកទឹកភ្លូកដី​ពីអង្គប្រតិភូ​បោះឆ្នោត។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Sputnik ដែលត្រូវបានដកស្រង់នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

យោងតាម លោក Steve Bannon លោក ដូណាល់ ​ត្រាំ នឹងឈ្នះនៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅឆ្នាំ២០២០ខាងមុខ ដោយនឹង​ទទួលបាន​ការគាំទ្រ ៤០០​សំឡេង នៃអង្គប្រតិភូសរុប ៥៣៨។ «លោក ដូណាល់ ត្រាំនឹងឈ្នះ​ឆ្នោតជាមួយ​ការគាំទ្រ ៤០០សំឡេង នៃអង្គប្រតិភូ​នៅឆ្នាំ២០២០... ជាងនេះទៅទៀត លោក ត្រាំ អាចនឹងសម្រេច​ចិត្ត​ដាក់​ក្រុម Muslim Brotherhood នៅអេហ្ស៊ីប​ក្នុងបញ្ជីអង្គការ​ភេរវករ ក៏ដូចជាផ្លាស់​ស្ថានទូតអាមេរិក​ក្នុងប្រទេស​អ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ក្នុងពេល​ឆាប់ៗនេះ»។ នេះបើតាមការ លើកឡើងរបស់ លោក Bannon បញ្ជាក់ដោយ​ស្ថានីយ៍ទូរទស្សន៍​អាមេរិក ABC News​។

ដោយឡែកទន្ទឹមគ្នា ការស្ទង់មតិជា​ច្រើនក៏បាន​បង្ហាញដែរថា ប្រជាប្រិយភាព​របស់ លោក ត្រាំ បានធ្លាក់ចុះ​ជាបន្តបន្ទាប់​ នៅក្នុងចំណោម​ប្រជាជនអាមេរិក​មួយចំនួនធំ​ដែលយល់ថា លោកមិនសម​ធ្វើជា​ប្រធានាធិបតី​អាមេរិក។ តែទោះ​ជាបែបនេះក្ដី ក្រុមអ្នកជំនាញ​យល់ថា តាមរយៈ​ការអនុវត្ត​តាមពាក្យសន្យា​របស់ខ្លួន ក្នុងនោះរួមមាន​ទាំង ការតម្កល់​ទុក​ផលប្រយោជន៍​អាមេរិកមុនគេ ឬក៏ការបង្កើត​ការងារជូន​ប្រជាជន​អាមេរិក អាចនឹងជួយ​ឱ្យលោក ដូណាល់ ត្រាំ ទាញយក​ប្រជាប្រិយភាព​ឡើងវិញ ពីប្រជាជន​អាមេរិក។

គួររំលឹកថា កាលពីការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ បានផ្ដួលលោកស្រី ហ៊ីល​ឡារី គ្លីនតុន ជាមួយសំឡេង​គាំទ្រ ៣០៤ ទល់នឹង ២២៧សំឡេង ពីអង្គប្រតិភូតំណាងរាស្ត្រ ហើយបានក្លាយជាប្រធានាធិបតីអាមេរិក​ទី៤៥ បន្តពីលោក បារ៉ាក់ អូបាម៉ា៕

ñ