(ប៉េកាំង)៖ អតីតរដ្ឋមន្ត្រីយុត្តិធម៌ចិនម្នាក់ ត្រូវបានបណ្ដេញចេញពីគណបក្សកុម្មុយនីស្ដចិន បន្ទាប់ពីមានការស៊ើបអង្កេតមួយដឹកនាំដោយក្រុមអាជ្ញាធរប្រឆាំងនឹងអំពើពុករលួយ ខណៈគណ បក្សកុម្មុយនីស្ដចិននឹងបើកសមាជបក្សលើកទី១៩ នៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំរយៈពេល០៤ថ្ងៃ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន លោកស្រី Wu Aiying មាន អាយុ៦៥ឆ្នាំជារដ្ឋមន្ត្រីយុត្តិធម៌ពីឆ្នាំ២០០៥​ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីឈ្មោះនៃក្រុមមន្ត្រីមួយចំនួនដែលត្រូវបណ្ដេញចេញពីបក្សសម្រាប់អំពើពុករលួយ។ ចំណែកឯ គណៈកម្មាធិការមជ្ឈិមអធិការកិច្ចវិន័យក៏បានឱ្យដឹងដែរថា លោកស្រី Wu មានបញ្ហាវិន័យជាច្រើន ហើយដែលការលើកឡើងបែបនេះគឺចង់សំដៅទៅលើការប្រព្រឹត្តអំពើពុក រលួយ ក៏ប៉ុន្តែគណៈកម្មាធិការមួយនេះមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា លោកស្រី Wu Aiying បានចំណាយពេលជាច្រើនឆ្នាំរបស់លោកស្រី បំពេញការងារជាមន្ត្រីនៅតំបន់ភាគខាងកើតខេត្តសានទុង (Shandong) ជាទីដែលលោកស្រីបានឡើង ដំណែងជាបន្តបន្ទាប់ រហូតដល់ជាអនុប្រធានសាខាគណៈបក្សប្រចាំខេត្ត មុននឹងលោកស្រីផ្លាស់មកកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើការងារក្នុងក្រសួងយុត្តិធម៌ កាលពីឆ្នាំ២០០៣៕