(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel បាននិយាយថា បើសិនជាសហរដ្ឋអាមេរិកបោះចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬក៏ដាក់ទណ្ឌកម្មជាថ្មីលើអ៊ីរ៉ង់ នោះអ៊ីរ៉ង់ នឹងបានលេសនេះអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយវាក៏នឹងអាចបង្កជាគ្រោះថ្នាក់នៃសង្រ្គាមនៅជិតអឺរ៉ុបផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧។

ថ្លែងប្រាប់វិទ្យុអាល្លឺម៉ង់ Deutschlandfunk លោក Gabriel បានលើកឡើងដូច្នេះថា៖« ក្ដីកង្វល់របស់ខ្ញុំ នោះគឺថាអ្វីដែលកំពុងកើតឡើងនៅអ៊ីរ៉ង់ ឬជាមួយអ៊ីរ៉ង់ ក្រោមទស្សនៈវិស័យអាមេរិក មិនមែនជាបញ្ហាអ៊ីរ៉ង់តែម្នាក់ឯងនោះទេ ក៏ប៉ុន្តែបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោកអាចនឹងពិចារណាថាពួកគេត្រូវផលិត ឬក៏សមនឹងទទួលបានអាវុធនុយក្លេអ៊ែរដែរឬទេ ដោយសារតែ កិច្ចព្រមព្រៀងនេះកំពុងចាប់ផ្ដើមត្រូវបានបំផ្លាញ...ជាងនេះទៅទៀត បើកិច្ចព្រមព្រៀងនេះត្រូវបានបំផ្លាញមែននោះ នោះទីក្រុងតេហេរ៉ង់ នឹងប្រើលេសនេះផលិតអាវុធនុយក្លេអ៊ែរ ហើយបន្ទាប់ មកទៀត អ៊ីសា្រអែលនឹងចេញមុខជំទាស់ដោយអះអាងថាវាជារឿងមិនអាចអត់ឱនឱ្យបាន។ ដូច្នេះចង់ឬមិនចង់ យើងអាចនឹងត្រឡប់ទៅកាន់១០ ឬ១២ ឆ្នាំមុន​ជាពេលដែល យើងប្រឈមមុខនឹងគ្រោះថ្នាក់នៃសង្រ្គាមនៅក្បែរអឺរ៉ុប»។

គួររំលឹកថា កាលពីថ្ងៃសុក្រ​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនបញ្ជាក់ថាអ៊ីរ៉ង់បានគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥ ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នៅតែអះអាងថា អ៊ីរ៉ង់នឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ឡើយ ត្បិតភាគីផ្សេងទៀតមានដូចជា រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង់គ្លេស បានអះអាងជាថ្មីពីការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះកាតាព្វកិច្ច ដែលត្រូវអនុវត្តនៅក្រោមកិច្ចព្រមព្រៀងនេះ៕