(តេហេរ៉ង់)៖ ការសម្រេចចិត្តកាលពីពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបញ្ជាក់ថាអ៊ីរ៉ង់បានគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ នឹងមានតែ បំផ្លាញទំនុកចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ដកស្រង់ដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧។

លោក Zarif ថ្លែងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍អាមេរិក CBS បន្ទាប់ពីលោក ត្រាំ បដិសេធមិនបញ្ជាក់ថាអ៊ីរ៉ង់ បានគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «គ្មាននរណាម្នាក់នឹងជឿជាក់លើរាល់រដ្ឋបាលអាមេរិកសម្រាប់ការចូលរួមក្នុងកិច្ចចរចារយៈពេលវែងទៀតនោះទេ ​ពីព្រោះចាប់ពីពេលនេះតទៅ រយៈពេលនៃការប្ដេជ្ញាចិត្តជាមួយរដ្ឋបាលអាមេរិក នឹងគ្រាន់តែអាស្រ័យលើអណត្តិប្រធានាធិបតីអាមេរិកប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាមលោក Mohammad Javad Zarif អ៊ីរ៉ង់នឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ឡើយ ត្បិតភាគីផ្សេងទៀតមានដូចជា រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង់គ្លេស បានអះអាងជាថ្មីពីការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះកាតាព្វកិច្ច ដែលត្រូវអនុវត្តនៅក្រោមកិច្ចព្រមព្រៀងនេះ៕