(អាប៊ីដចាន់)៖ យន្តហោះដឹកទំនិញ​មួយគ្រឿងសម្រាប់កងយោធាបារាំង បានធ្លាក់ចូល​ទៅក្នុងផ្ទៃសមុទ្រ​​របស់ប្រទេសកូតឌីវ័រ នៃតំបន់អាហ្វ្រិក ខណៈដែលវាបាន​​​ព្យាយាមហោះហើរ​ចេញពី​អាកាសយានដ្ឋាន នៃរដ្ឋធានី អាប៊ីដចាន់ (Abidjan) ​ក្នុងអំឡុង​ពេល​​ដែលមានព្យុះ​ភ្លៀងខ្លាំង។ នេះបើតាម​ការ​ចេញផ្សាយព័ត៌មាន នៅមុននេះបន្តិច​​ដោយសារព័ត៌មាន BBC នាល្ងាច​ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

សេចក្តីរាយការណ៍​​ព័ត៌មានទាន់ហេតុការណ៍ ​បានឲ្យដឹងទៀតថា សាកសពមនុស្សពីរនាក់​ហើយ​ត្រូវបានទាញ​ចេញពីបំណែកយន្តហោះ ខណៈ​ពីរនាក់ទៀត ត្រូវបានក្រុម​សង្គ្រោះនៃអាជ្ញាធរ​ទីក្រុង Abidjan បានអះអាងថា កំពុងជាប់ខ្លួន​នៅក្នុងតួយន្តហោះ​នៅឡើយ ប៉ុន្តៃគេពុំទាន់អាចបញ្ជាក់​អត្តសញ្ញាណជនរងគ្រោះបានឡើយ។ យន្តហោះ​ខាងលើនេះ ត្រូវបានគេអះអាងថា បានព្យាយាមហោះឡើង នៅពេលមេឃ​កំពុងមានព្យុះភ្លៀង និងផ្គររន្ទះថែម​ទៀត។

សាក្សីនៅកន្លែង​កើតហេតុ បានប្រាប់បណ្តាញ​ព័ត៌មាន Reuters ថា «យន្តហោះ​យោធា​ប្រភេទ ដឹកទំនិញមានម៉ាស៊ីន​បួន​ខាងលើនេះ បានធ្លាក់ទៅក្នុង​សមុទ្រ​នៅពេលហោះ​ចេញពី​អាកាស​យានដ្ឋាន Port Bouet នៃរដ្ឋធានី Abidjan របស់ កូតឌីវ័រ ជាប់ហ្នឹងឆ្នេរសមុទ្រ​ស្ថិតនៅតំបន់អាហ្វ្រិក​ខាង​លិច ហើយក្រោយពីបានធ្លាក់ បំណែកនានារបស់វា បានអណ្តែតមកទើលើ​ឆ្នេរសមុទ្រ នៃទីក្រុងនេះ​ទៀតផង»

បន្ថែមពីនេះទៀត យន្តហោះខាងលើនេះ គឺប្រភេទ turboprop Antonov អាចផលិត​នៅរុស្ស៊ី ឬក៏អ៊ុយក្រែន ខណៈគ្រោះថ្នាក់នេះ ក៏មានអ្នកនៅលើយន្តហោះមួយចំនួន នៅរស់រាន​មានជីវិតផងដែរ ប៉ុន្តែមិនមានការបញ្ជាក់ចំនួននោះទេ៕