(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ មិនមែនកំពុង​ព្យាយាមបំផ្ទុះ​ឲ្យមានសង្រ្គាម​ជាមួយអ៊ីរ៉ង់​ឡើយ ក៏ប៉ុន្តែលោក​​​មានកំហុស​យ៉ាងខ្លាំង ដោយសារជឿជាក់​ថា រូបលោកអាច​ដាក់​សម្ពាធលើ ទីក្រុងតេហេរ៉ង់​ឲ្យយល់ព្រម​ចរចា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​​ឆ្នាំ២០១៥ ឡើងវិញបាន។ នេះបើតាមសម្តី​របស់អតីតមន្រ្តី​នៃទីភ្នាក់ងារ​ចារកម្ម CIA លោក ហ្វីលីព ជីរ៉ាល់ឌី (Philip Giraldi) ដកស្រង់​ដោយសារព័ត៌មាន​​រុស្ស៊ី​ Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានថ្លែងឲ្យ​ដឹងថា រដ្ឋបាលរបស់​លោក​បានសម្រេច​មិនបញ្ជាក់​ទទួល​ស្គាល់ថា អ៊ីរ៉ង់កំពុង​គោរពតាម​កិច្ចព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ ដែលត្រូវបាន​គេស្គាល់​ផងដែរថា ជាកិច្ចព្រមព្រៀង JCPOA ឡើយ។ លោក Philip Giraldi បានសម្គាល់​ឃើញថា លោក ត្រាំ​ ទំនងជា​បានរំពឹង​ទុកថា ការថ្លែងរបស់​លោក អាចជា​កិច្ចចាប់ផ្តើម​នៃនីតិវិធី​ការទូត ដើម្បីបង្ខំឲ្យ​ទីក្រុង​តេហេរ៉ង់ យល់​ព្រម​ចរចា​កិច្ច​ព្រម​ព្រៀង​នេះ​​ឡើងវិញ។

បើតាមលោក Giraldi អះអាងថា លោក ដូណាល់ ត្រាំ បានបរាជ័យ​ក្នុងការប្រមើល​មើល​ឆន្ទៈ ក៏ដូចជា​ជំនឿដ៏មុតមាំ​របស់មេដឹកនាំ​ នៃរ​ដ្ឋា​ភិ​បាល​​​ទីក្រុង​តេ​ហេ​រ៉ង់​ ព្រមទាំង​សាធារណជន​អ៊ីរ៉ង់ទាំងមូល មកលើ​បញ្ហានេះ។ លោក​ប្រធានាធិបតី​អាមេរិក គិតខុសស្រឡះ​ទាំងស្រុង ក្នុងមើលចិត្តរបស់រដ្ឋាភិបាល និងប្រជា​ពលរដ្ឋអ៊ីរ៉ង់ ដោយលោក​កំពុងតែ​ទាមទារឲ្យ ពួកគេបោះបង់​ចោលអ្វី ដែលពួកគេ​មើញឃើញ​ថា​ជាផលប្រយោជន៍​ដ៏សំខាន់ សម្រាប់​សន្តិសុខជាតិ​របស់ពួកគេ។

អតីតមន្រ្តី CIA រូបនេះ​បានព្រមានថា ទោះបីជា​លោក ត្រាំ មិនមាន​បំណងចង់ឲ្យកើត​មានសង្រ្គាម​ក៏ដោយ លោកក៏មិនដឹងដែរថា គោល​ជំហរ​​​ដ៏តឹងរ៉ឹងរបស់​លោក ប្រឆាំងនឹង​ទីក្រុង​តេហេរ៉ង់ អាចបម្រើ​ដល់វត្ថុ​បំណងផ្សេងៗ នៃសត្រូវ​របស់អ៊ីរ៉ង់​នៅក្នុងតំបន់ រួមទាំងសម្ព័ន្ធមិត្ត​នយោបាយ​របស់ពួកគេ នៅក្នុង​សហរដ្ឋអាមេរិក​ឡើយ ដែលមនុស្ស​ទាំងអស់នេះ សុទ្ធតែចង់​អូសទាញ​សហរដ្ឋអាមេរិក ឲ្យធ្លាក់ទៅ​​ក្នុង​​​ភ្លើងសង្រ្គាម​​​ជាមួយប្រទេស​អ៊ីរ៉ង់។

ដោយឡែក លោកប្រធានាធិបតី​អាមេរិក ក៏បានសង្កត់ធ្ងន់​ដែរថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​សហគមន៍អន្តរជាតិ នឹងត្រូវលុប​ចោល​តែម្តង ប្រសិនបើ​សហរដ្ឋអាមេរិក មិនអាច​កែតម្រូវវា​នៅក្នុងសភា​ និងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនទេនោះ៕