(វ៉ាស៊ីនតោន)៖ ស្ថានីយ៍​អវកាសចិន Tiagong-1 កំពុងតែចល័ត​សំដៅចុះមកកាន់​ភពផែនដី ក្នុងលក្ខណៈមួយ​ដែលមិនអាចគ្រប់គ្រង​បាន​ឡើយ ហើយទោះបីជា​ផ្នែកភាគច្រើន​របស់វា នឹងត្រូវឆេះ​រលាយអស់ នៅពេលឈានចូលដល់​បរិយាកាសផែនដីក៏ដោយ បំណែកធំៗជាមួយ​ទម្ងន់​រហូតដល់ ១០០គីឡូក្រាម នឹងនៅតែត្រូវធ្លាក់​មកលើផ្ទៃ​ផែនដីដដែល នៅក្នុងអំឡុង​ពេលប៉ុន្មាន​ខែខាងមុខ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

បន្ទាប់ពីត្រូវបានបាញ់​បង្ហោះទៅកាន់​ទីអវកាស កាលពីឆ្នាំ២០១១ ក្រុមមន្រ្តី​រដ្ឋាភិបាលចិន បានសម្រេច​បោះចង់ចោល​​កម្មវិធី Tiagong-1 នេះ​ចោលវិញ នៅឆ្នាំ២០១៦ ដោយសារតែ​ការបរាជ័យ​ផ្នែកមេកានិច​ របស់ស្ថានីយ៍​អវកាស​នេះ។ ក្រុមអ្នក​វិទ្យាសាស្រ្តចិន បានប៉ាន់​ស្មាន​ថា ស្ថានីយ៍ Tiagong-1 នឹងវិលធ្លាក់​ត្រឡប់​មករកផែនដី​វិញ នៅចន្លោះពេល​ឥឡូវនេះ និងខែមេសា ឆ្នាំ២០១៨។ ទីក្រុងប៉េកាំង​បានប្រាប់​​អង្គការសហប្រជាជាតិ កាលពីខែឧសភា​កន្លងទៅ នៅពេលដែល Tiagong-1 ឈានចូល​មកក្នុងបរិយាកាស​របស់យើង​នោះ UN នឹងត្រូវ​ផ្តល់​ដំណឹង​ជូនភ្លាមៗ អំពី​ស្ថានការណ៍នោះ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ​ត្រូវគេរំពឹងថា នឹងមិនបង្កឲ្យមានមនុស្សរងគ្រោះធ្ងន់ធ្ងរ​ឡើយ ហើយគេក៏មិនទាន់​អាចដឹងពីទីតាំង ដែល​បំណែកនៃស្ថានីយ៍​អវកាសនេះ នឹងធ្លាក់មកលើ​ផែនដីដែរ ដោយសារតែ​ផ្ទៃនៃភពរបស់​យើង ត្រូវបាន​គ្រប​​ដណ្តប់​ប្រមាណ ៧១ភាគ​រយ​ ដោយ​មហាសមុទ្រនោះ បំណែករបស់ Tiagong-1 នឹងធ្លាក់ចំផ្ទៃទឹក​ជាជាងផ្ទៃដី។

ទោះបីធ្លាប់មាន​បទពិសោធន៍ក្នុងរឿង​ដដែលនេះ ពីសំណាក់ភ្នាក់ងារ​អវកាសអាមេរិក និងរុស្ស៊ី កាលពីអំឡុង​ទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ក៏ដោយ ប៉ុន្តែលើកនេះ​បំណែកយាន​ដែលធ្លាក់មក គឺមានទម្ងន់​រហូតដល់ទៅ ១០០គីឡូក្រាម ប្រសិនបើវា​ធ្លាក់មក​ដល់ផ្ទៃផែនដី ហើយអ្នកជំនាញខ្លះក៏បានព្រមាន​ផងដែរថា យើងមិនត្រូវគិតថា វានឹងធ្លាក់ក្នុងមហាសមុទ្រ​ដូចពេលមុនៗ​នោះឡើយ ព្រោះលទ្ធភាព​ដែលវាអាចបង្កគ្រោះថ្នាក់ ក៏នៅតែ​មានដែរ៕