(ប៉ារីស)៖ ការសម្រេចចិត្ត​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកិច្ចព្រមព្រៀង​នុយ​ក្លេ​អ៊ែរ​​អ៊ីរ៉ង់នោះ នឹងបង្កផលវិបាក​ផ្នែកភូមិសាស្រ្តនយោបាយ​នាពេលខាង​មុខភ្លាមៗ តាមរយៈការបញ្ឆេះ​ភាពតានតឹង ស្របពេល​​ដែលស្ថានភាព​សន្តិសុខ នៅក្នុងតំបន់​កំពុងស្ថិតក្នុង​សភាព​មិននឹងនរ។ នេះបើតាមអ្នក​ស្រាវជ្រាវបារាំង លោក ជូលៀន ហ្សារីហ្វីយ៉ាន (Julien Zarifian) ដែល​សិក្សា​លើបញ្ហា​អាមេរិក​ដកស្រង់ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

ថ្លែងក្នុងបទសម្ភាសន៍​មួយជាមួយទីភ្នាក់ងារ ស៊ីនហួរ លោក Zarifian បានលើក​ឡើងថា «កំណួចនៃភាពតានតឹង​ជាមួយអ៊ីរ៉ាង់ បានចាប់​​ផ្តើមជាថ្មី ហើយមន្ទិល​សង្ស័យព្រមទាំង​ភាពមិនច្បាស់លាស់ ក៏បានកើត​មានឡើង ខណៈសម្ព័ន្ធមិត្ត​នៅអឺរ៉ុប ក៏ដូចជាអាមេរិកផ្ទាល់ មិន​ដឹងថានឹងត្រូវ​មានប្រតិកម្ម​បែបណា»។

អ្នកជំនាញ​បារាំងរូបនេះ បានបង្ហាញជំនឿ​ជឿជាក់ថា រដ្ឋាភិបាល​ទីក្រុងតេហេរ៉ង់ នឹងធ្វើការថ្កោលទោស​ការសម្រេចចិត្តរបស់​សហ​រដ្ឋអាមេរិក ហើយច្រានចោល រាល់លទ្ធភាព​នៃការផ្លាស់ប្តូរ​ណាមួយ នៅក្នុងកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដូចទៅនឹង​អ្វីដែល អ៊ីរ៉ង់​ធ្លាប់​បាន​ធ្វើ កាល​ពីអំឡុង​ពេលប៉ុន្មានខែ​កន្លងទៅនេះដែរ។

ទន្ទឹមនឹងនេះ លោក Julien Zarifian បាន​បន្ថែមថា ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង ទំនងជានឹងនៅបន្តមិនរិះ​គន់ធ្ងន់ៗពេក ទៅលើ​ការសម្រេចចិត្ត​របស់រដ្ឋបាល លោក ដូណាល់ ត្រាំ ឡើយ ស្របពេលដែលវានឹង​នៅតែបង្ហាញពី ការប្តេជ្ញាក៏ដូចជាតាំងចិត្ត​របស់ពួកគេ ចំពោះ​កិច្ចព្រមព្រៀង​មួយនេះ ដែលបម្រើដល់​សេដ្ឋកិច្ចប្រទេស​របស់ពួកគេ បូករួមទាំង​ផលប្រយោជន៍​ដទៃៗទៀត។

គួរបញ្ជាក់ថា ជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះ អតីតរដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក ចន ឃើរី ដែល​ជាអ្នកស្វះស្វែង​ក្នុងការ​បង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងប្រទេសអ៊ីរ៉ង់នោះ ក៏បានចេញមុខព្រមានផងដែរថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងតែបង្កើតនូវវិបត្តិអន្តរជាតិមួយ ជាមួយនឹងការ​សម្រេច​ចិត្តដ៏គ្រោះថ្នាក់ តាមរយៈការចង់លុបចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់៕