(អាមេរិក)៖ ឥឡូវនេះទីភ្នាក់ងារ​អវកាស NASA បាននិយាយថា ភស្តុតាងកាន់​តែមាន​ច្រើនឡើង សម្រាប់បញ្ជាក់​ពីវត្តមាននៃ​ភពដ៏អាថ៌​កំបាំងមួយមានមាន​ឈ្មោះថា ភពទី០៩ (Planet Nine) ឬ ភពអ៊ិច (Planet X) ដែលទំនង​ជាកំពុងស្ថិត​នៅជាយដ៏ខ្មៅងងឹង នៃប្រព័ន្ធព្រះ​​អាទិត្យ​របស់យើង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

វត្តមាននៃភព​ដ៏អាថ៌កំបាំងខាងលើ បានក្លាយជា​ប្រធានបទ នៃការ​ជជែកដេញដោល​គ្នា​យ៉ាងក្តៅគគុក អស់រយៈពេលជាច្រើនឆ្នាំ​មក​ហើយ រហូតទាល់តែ​អ្នកតារាវិទូអាមេរិក ០២នាក់ គឺលោក Konstantin Batygin និង Michael Brown បានចាប់ផ្តើម​ដំណើរ​បេសកកម្ម​​របស់ពួកគេ ដើម្បីបញ្ជាក់ថា ភពនេះគឺមិនមាន​វត្តមាននោះឡើយ។ តែផ្ទុយ​ទៅវិញ ពួកគេទាំងពីររូប បែរជាបានរកឃើញ​ភស្តុតាង ដែលបង្ហាញថា Planet Nine ពិតជាមាន​វត្តមានមែន ហើយចាប់តាំងពី​ពេលនោះមក ភស្តុតាងជាច្រើន​ផ្សេងទៀត បានក៏លេចឡើង​​ជាបន្តបន្ទាប់។

អង្គការ NASA បានលើក​ឡើងថា អ្វីដែលនៅ​សេសសល់នោះ គឺការស្វែងរក​ភពដ៏អាថ៌កំបាំង​នេះផ្ទាល់ ខណៈលោក Batygin និង លោក Brown កំពុងតែប្រើប្រាស់​កែវយឺត Subaru នៅឯមន្ទីរឃ្លាំ​មើលអវកាស Mauna Kea ក្នុងរដ្ឋហាវ៉ៃ ដើម្បីព្យាយាម​ធ្វើយ៉ាង​ដូច្នោះ​។

គួរបញ្ជាក់ថា កាលពីប៉ុន្មាន​ខែមុន NASA ក៏បានចេញ​សេចក្តី​អំពាវនាវ ឲ្យក្រុមអ្នកចូលចិត្ត​ផ្នែកតារាសាស្រ្ត​ទាំងអស់ ចូលរួមក្នុង​ការ​ស្វែងរក Planet Nine ឬ Planet X នេះ តាមរយៈការពិនិត្យ​ទៅលើកម្រង​រូបភាព ដែលថតពីកែវ​យឺតអវកាស WISE របស់​ទីភ្នាក់ងារ NASA៕