(កាលីហ្វរញ៉ា)៖ អភិបាល​រដ្ឋកាលីហ្វរញ៉ា លោក ជឺរី ប្រោន (Jerry Brown) បាន​​សម្រេច​ចិត្ត​ចេញសេចក្តីប្រកាស​អាសន្ន នៅក្នុងរដ្ឋភាគនិរតី​សហរដ្ឋអាមេរិកមួយនេះ ក៏ព្រោះតែការផ្ទុះឡើង​​ និងរីករាលដាល នៃជំងឺរលាកថ្លើមប្រភេទ A ដែលបានឆក់​យកជីវិត​មនុស្ស ១៨នាក់ ហើយ។ នេះបើតាមការ​​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

ការប្រកាសអាសន្ន​ខាងលើនេះ នឹងអនុញ្ញាតឲ្យ​អាជ្ញាធរពាក់ព័ន្ធ​គ្រប់ផ្នែកនៅក្នុងរដ្ឋនេះ ធ្វើការផ្តល់វ៉ាក់សាំង ប្រយុទ្ធប្រឆាំងជំងឺរលាកថ្លើមប្រភេទ A ទៅកាន់​ប្រជាជន ដែលកំពុង​តែ​ប្រឈមមុខនឹង​គ្រោះអាសន្ន ហើយវានឹងឈានទៅដល់​ការទប់ស្កាត់ ការរីករាលដាល​​ទាំងស្រុង​​ផងដែរ។ បច្ចុប្បន្ននាយកដ្ឋានសុខាភិបាល​សាធារណៈ របស់រដ្ឋ​កាលីហ្វរញ៉ា (CDPH) កំពុងបញ្ជាទិញ​វ៉ាក់សាំងបន្ថែម យកទៅប្រយុទ្ធប្រឆាំងជំងឺរលាកថ្លើម​ប្រភេទ A ដោយផ្ទាល់តែម្តង និងបញ្ជូនទៅ​សង្គ្រោះប្រជាជន នៅតំបន់កំពុងទទួលរងគ្រោះ​ខ្លាំងបំផុត។

វេជ្ជបណ្ឌិត ការែន ស្មីត (Karen Smith) ដែលកំពុងគ្រប់គ្រង​បញ្ហានេះ បានឲ្យដឹងថា «ការចាក់​វ៉ាក់សាំង ទៅដល់ប្រជាជន​ដែលកំពុងប្រឈមមុខ​នឹងរោគរាតត្បាត​នេះ គឺជាចំណាត់ការដ៏មាន​ប្រសិទ្ធភាព​មុខគេ ដែលយើងត្រូវតែធ្វើ​ ដើម្បីបញ្ឈប់​ការរីករាលដាល នៃជំងឺរលាក​ថ្លើម​ប្រភេទ A នេះបន្ថែមទៀត»។ យោងតាមការ​បញ្ជាក់​របស់ CDPH វ៉ាក់សាំងចំនួនជិត ៨០,០០០ ដូស (doses) ត្រូវបានផ្តល់​ទៅកាន់​តំបន់​​រងគ្រោះនានា​​ហើយ ជាពិសេសនៅតំបន់​ភាគខាងត្បូងរដ្ឋ ដែលជំងឺនេះ​ភាគច្រើន​កើតមានចំពោះ​បណ្តាជន​គ្មានផ្ទះ​សម្បែង ឬជនអាណាថា​នោះតែម្តង៕