(វ៉ាស៊ីនតោន)៖ អតីតប្រធានសេតវិមានរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក រ៉ាយអ៊ែន ភ្រីប៊ើស (Reince Priebus) ត្រូវបាន​សាក​សួរ ដោយរដ្ឋ​អាជ្ញាពិសេស ដែលបាននិង​កំពុងតែស៊ើបអង្កេត​ទៅលើសំណុំរឿងថា តើក្រុមយុទ្ធនាការ​របស់លោក ត្រាំ បានរួមដៃពាក់​ព័ន្ធជា​មួយ​និងរដ្ឋាភិបាលរុស្ស៊ី ដែរឬក៏អត់ កាលពីអំឡុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

មេធាវីរបស់​អតីតប្រធានខុទ្ទកាល័យ​សេតវិមានរូបនេះ បានឲ្យដឹងថា «លោក Priebus ត្រូវបានក្រុម​ការងាររបស់រដ្ឋ​អាជ្ញាពិសេស​​លោក រ៉ូបឺត មូលើ (Robert Mueller) សម្ភាសន៍ដោយស័្មគ្រចិត្ត ហើយលោក Priebus បានឆ្លើយសំណួរ​ទាំងអស់ ដោយការ​ពេញចិត្ត ឥតមាន​​បង្ខិតបង្ខំ​ឡើយ»។ ម៉្យាងវិញទៀត ក្រុមរដ្ឋអាជ្ញា​ពិសេសនេះ កំពុងតែធ្វើ​បទសម្ភាសន៍ជាមួយ​មន្រ្តីសេតវិមាន និងក្នុងជួររដ្ឋាភិបាល​​​មួយ​ចំនួនទៀត​ផងដែរ ក្រោមក្របខណ្ឌ​នៃការស៊ើបអង្កេត ទៅលើទំនាក់ទំនង​ក្នុងទម្រង់ណាមួយ ដែល​អាច​បាន​កើត​មាន​ឡើង រវាង​ក្រុម​យុទ្ធ​នា​ការ​​បោះឆ្នោត​របស់​ លោក ត្រាំ និងរដ្ឋាភិបាល​ទីក្រុងម៉ូស្គូ។

ការស៊ើបអង្កេត​របស់លោក Mueller ក៏រួមបញ្ចូលទាំង​ការស៊ើបទៅលើថា តើលោក ត្រាំ អាចមាន​ទោស​តាមរយៈការ​ព្យា​យាម​​បញ្ចុះ​បញ្ចូល អតីតនាយក​ទីភ្នាក់ងារ FBI លោក ជែម ខូមី (James Comey) ឲ្យបោះបង់ចោល​ការស៊ើបអង្កេត​លើ លោក មៃឃើល ហ្វ្លីន (Michael Flynn) ដែលជា​ទីប្រឹក្សាសន្តិសុខជាតិ​ដំបូងគេ​របស់ លោក ត្រាំ។

គួរបញ្ជាក់ថា លោក Priebus ដែលជា​ប្រធានគណៈកម្មាធិការជាតិ​នៃបក្សសាធារណរដ្ឋ អំឡុងពេលនៃយុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​​របស់ លោក ដូណាល់ ត្រាំ បានក្លាយជា​ប្រធាន​សេតវិមាន នៅពេលដែល​លោក ត្រាំ បានស្បថឡើង​កាន់តំណែង​នៅខែមករា ឆ្នាំ​២០១៧ ហើយកាលពី​ខែកក្កដា​កន្លងទៅ លោក Reince Priebus ក៏បានសម្រេច​លាលែងពីមុខ​តំណែងវិញ៕