(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក ចន ឃើរី ដែល​ជាអ្នកស្វះស្វែង​ក្នុងការ​បង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងប្រទេសអ៊ីរ៉ង់នោះ បានចេញមុខព្រមានថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងតែបង្កើតនូវវិបត្តិអន្តរជាតិមួយ ជាមួយនឹងការ​សម្រេច​ចិត្តដ៏គ្រោះថ្នាក់ តាមរយៈការចង់លុបចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់។ នេះ​បើតាមការ​ចេញផ្សាយដោយ Channel News Asia ដកស្រង់ពី​បណ្តាញ AFP នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

លោក ចន ឃើរី ដែលជាអតីត​មន្ត្រីជំនិត លោក បារ៉ាក់ អូបាម៉ា រូបនេះបាន​សង្កត់ធ្ងន់យ៉ាង​ដូច្នេះថា «វាជារឿងដែល​បង្កគ្រោះថ្នាក់ ដល់ផលប្រយោជន៍​សន្តិសុខជាតិ​អាមេរិក និងសម្ព័ន្ធមិត្តនានា​របស់អាមេរិកផងដែរ»។ ទោះបីជា​បែបនេះក្តី លោក ដូណាល់ ត្រាំ ដែលកំពុងបង្ហាញ​ចេតនា ចង់លុបចោលកិច្ច​ព្រមព្រៀង​ខាងលើនេះ​​បានរិះគន់ថា កិច្ចព្រមព្រៀង​​កាលពី​ឆ្នាំ២០១៥នោះ គឺជាខាតបង់​មួយសម្រាប់​អាមេរិក ខណៈដែលអ៊ីរ៉ង់​បានលួចរំលោភ​កិច្ចព្រមព្រៀង​នោះរួចទៅហើយ។

ទោះបី​ជាយ៉ាងណា​ក៏ដោយ ទាំងសមាជិកបក្ស​សាធាណរដ្ឋ​របស់លោក ដូណាល់ ត្រាំ ផ្ទាល់​​ជាពិសេសគឺព្រឹទ្ធសមាជិក​តែម្តង ធ្លាប់បានបង្ហាញ​ការជំទាស់ ដោយហៅ​ជំហាន​​ប្រធានាធិបតី​រូបនេះថា «កំពុងដើរទៅរកផ្លូវ​គ្រោះថ្នាក់» ខណៈបច្ចុប្បន្ន​កូរ៉េខាងជើង​ក៏ជាបញ្ហាធំបំផុត ហើយ​បើ​បូក​ថែមអ៊ីរ៉ង់មួយទៀតនោះ សន្តិសុខក្នុង​តំបន់ទាំងពីរ គឺអាស៊ីបូព៌ា និងមជ្ឈិមបូព៌ា នឹងក្លាយជារឿង​ឈឺក្បាលខ្លាំង​បន្ថែមទៀត ដល់អាមេរិក។ ជុំវិញបញ្ហានេះ លោក ចន ឃើរី បាន​អំពាវនាវឲ្យសមាជិកសភាទាំងអស់ ងើបឈរឡើង​ឲ្យបានព្រមគ្នា ដើម្បីជំទាស់​​នឹង​ចេតនា​របស់ លោក ដូណាល់ ត្រាំ ចំពោះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់៕