(យូអិន)៖ អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ បានអំពាវនាវ​ឲ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ជម្រុញឲ្យមានការបញ្ជូនជនជាតិ​ដើមរ៉ូហ៊ីងយ៉ា ពីបង់ក្លាដែស ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

លោក អាណាន់ ដែលបានដឹកនាំ​គណកម្មការប្រឹក្សាយោបល់ របស់ UN នោះ​បាននិយាយថា មហាអំណាច​ពិភពលោក ត្រូវតែធ្វើការងារជាមួយនឹងយោធាដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា និងមេដឹកនាំស៊ីវិលមួយចំនួនទៀត ដើម្បីបញ្ចប់វិបត្តិដ៏អាក្រក់នេះ។ ទោះបីជា​បែបនេះក្តី គ្រប់គ្នាបានដឹងហើយថា ប្រទេសចិនដែលជាតួអង្គសំខាន់នៅ UN គឺជាអ្នកគាំទ្រ​ជានិច្ចចំពោះយោធាមីយ៉ាន់ម៉ា ហើយសម្រាប់រុស្ស៊ីវិញ ក៏ធ្លាប់បានបដិសេធក្នុងការពាក់ព័ន្ធ​នឹងរឿងជនភៀសខ្លួនរ៉ូហ៊ីងយ៉ានោះផងដែរ។

គួរបញ្ជាក់ថា ការថ្លែងសារ​ប្រកបដោយក្តីព្រួយបារម្ភ​ពីសំណាក់ លោក កូហ្វី អាណាន់ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី​មានសេចក្តីរាយការណ៍ចុងក្រោយថា ចំនួនជនភៀស​ខ្លួនមូស្លីមរ៉ូហ៊ីងយ៉ា ដែលរត់ចេញពីរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងនៃប្រទេសមីយ៉ាន់ ទៅកាន់ប្រទេសបង់ក្លាដែស​នោះ បានកើនដល់ ៥៣៦,០០០នាក់។

បើតាម​អ្នកនាំពាក្យ UN លោក ហ្វាហាន ហេព Farhan Hap បណ្តាទីភ្នាក់ងារ មនុស្សធម៌ UN បាន រាយការណ៍ថា មកទល់ពេលនេះ​ចំនួនជនភៀសខ្លួន​​​ ដែលបាន​ចាកចេញពីមីយ៉ាន់ម៉ា ចូលទៅក្នុងទឹកដី​បង់ក្លាដែស គិតចាប់តាំង​តែពីចុងខែសីហា​មកនោះ បានកើនឡើង​ដល់ ៥៣៦,០០០នាក់ ដោយក្នុងអំឡុង ០២ថ្ងៃ ចុងក្រោយនេះ​ជនជាតិរ៉ូហ៊ីងយ៉ាង​ប្រមាណ ១៤,០០០នាក់ បានធ្វើការឆ្លង​ព្រំដែន​ថែមទៀត។

ជាមួយគ្នានេះ លោក Hap ក៏បានបញ្ជា​ក់ដែរថា អនុរដ្ឋលេខាធិការ UN ទទួលបន្ទុកកិច្ចការ​នយោបាយ លោក ចេហ្វហ្វ្រេយ ហ្វែកមែន (Jeffrey Feltman) ក៏នឹងធ្វើ​ដំណើរទស្សនកិច្ច​នៅមីយ៉ាន់ម៉ា​ ចាប់ពីថ្ងៃទីសុក្រ​សប្តាហ៍នេះ​ រហូតដល់ថ្ងៃអង្គារ​សប្តាហ៍ក្រោយ ផងដែរ ដើម្បីពិភាក្សាជាមួយក្រុម​មន្រ្តីមីយ៉ាន់​ម៉ា​។ បើតាមអ្នកនាំ​ពាក្យ UN ការបំពេញ​ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីការអំពាវនាវ​យ៉ាងទទូច ដោយ​អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) ឲ្យមានការបញ្ចប់​ប្រតិបត្តិការ​យោធា ក៏ដូចជា​អំពើហិង្សា​នៅរដ្ឋ Rakhine ភាគ​ខាងជើង៕