(ម៉ិចស៊ីកូស៊ីធី)៖ ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹង​នៅមុននេះបន្តិចថា គ្រោះរញ្ជួយដីមួយ​កម្រិត ៥.៤រ៉ិចទ័រ បាន​វាយ​ប្រហារ​ភាគអាគ្នេយ៍ នៃប្រទេស​ម៉ិចស៊ីកូ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា បើតាម USGS ហេតុការណ៍​រញ្ជួយផែនដី​ខាងលើ មានចំណុចរំញ័រ​នៅប៉ុន្មាន ០៩គីឡូម៉ែត្រពីភាគខាងក្រុង សាន់ ឌីអូនីស៊ីយ៉ូ ឌែល ម៉ា (San Dionisio del Mar) ដែលស្ថិតនៅ​ភាគអាគ្នេយ៍ម៉ិចស៊ីកូ ហើយវាមាន​ជម្រៅប្រមាណ ៥៩.៥២គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រ។ ទន្ទឹមនឹងនេះ គេពុំទាន់ទទួល​​បានសេចក្តី​រាយការណ៍ ស្តីពីមនុស្ស​រងគ្រោះ ឬការ​បំផ្លិចបំផ្លាញ ក៏ដូចជា​រលកយក្ស​ស៊ូណាមិ ដែលអាចបង្កឡើង​នៅឡើយទេ៕