(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្ត​របស់រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកខ្លួន​សហរដ្ឋអាមេរិក ចេញពី​អង្គការ UNESCO គឺ​ជាសញ្ញាថ្មី​ចុងក្រោយ​បំផុតមួយ ដែលបង្ហាញពី​ការកើនឡើង​ នៃភាពឃ្លាតដាច់ឆ្ងាយ​ដោយឡែកពីគេ​របស់អាមេរិក ព្រមទាំងដាក់​សម្ពាធគាប​សង្កត់​​របស់​ទីក្រុងវ៉ាស៊ីនតោន មកលើអង្គការសហប្រជាតិ។ នេះបើតាម​ការលើកឡើង​របស់ក្រុមអ្នកវិភាគ ដកស្រង់សម្តី​ដោយ​សារ​ព័ត៌​មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។

ក្រុមអ្នកវិភាគមកពីសាកលវិទ្យាល័យធំៗ​ នៅសហរដ្ឋអាមេរិក​បានឲ្យដឹងថា ការធ្វើបែបនេះ​នឹងគូសបញ្ជាក់​កាន់តែច្បាស់ ពីភាពឯកោ​​របស់សហរដ្ឋអាមេរិក នៅក្នុងអង្គការ​ពិភពលោក​មួយនេះ ដោយវានឹង​ជះឥទ្ធិពលអវិជ្ជមាន​ ទៅលើទីក្រុង​វ៉ាស៊ីនតោន​ផ្ទាល់ ច្រើនជាង​មកលើ​អង្គការ​បេតិកភណ្ឌ​​ពិភពលោក UNESCO ខណៈការ​សម្រេចចិត្ត​ដ៏ចំឡែកនេះ នឹងបង្កើនភាព​ឯកោរបស់​សហរដ្ឋអាមេរិក នៅក្នុង​សហគមន៍​អន្តរជាតិ។

ម៉្យាងវិញទៀត ការសម្រេចចិត្ត​ខាងលើ នឹងធ្វើឲ្យអាមេរិក​ជាប់គាំងកាន់តែខ្លាំង នៅក្នុងរង្វង់​នៃភាពឯកោក៏ដូច​ជាមន្ទិលសង្ស័យ ពាក់​​ព័ន្ធនឹងការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយបណ្តា​អង្គការ​អន្តរជាតិ ហើយវានឹង​បង្កផលវិបាក​ជាខ្លាំង ដើម្បីផ្លាស់ប្តូរការ​សម្រេចចិត្ត​នេះ​វិញ សម្រាប់រដ្ឋបាល​ក្រោយ​ថ្មីទៀត។

បើតាមក្រុម​សាស្រ្តចារ្យជំនាញៗ​ដដែល ការសម្រេចចិត្ត​របស់ លោក ត្រាំ ក្នុងការដក​អាមេរិក​ចេញពីអង្គការ UNESCO គឺស្ថិតក្រោម​ក្របខណ្ឌ​នៃយុទ្ធនាការ​របស់ទីក្រុង​វ៉ាស៊ីនតោន ដើម្បីធ្វើយ៉ាងណា​មិនឲ្យអង្គការ​សហប្រជាជាតិ រួមទាំងអង្គការពាក់ព័ន្ធផ្សេងៗទៀត មាន​ឥទ្ធិពល​ក្នុងការជួយ​ប៉ាឡេស្ទីន ប្រឆាំងនឹង​អ៊ីស្រាអែល។

គួរបញ្ជាក់ថា ម្សិលមិញនេះ​សហរដ្ឋអាមេរិក​បានប្រកាសថា នឹងដកខ្លួនចេញ​ពីអង្គការ UNESCO នៅចុង​ឆ្នាំ២០១៨ខាងមុខ ដោយឈរ​លើ​ហេតុផលថា អង្គការបេតិកភណ្ឌ​ពិភពលោក​ត្រូវការធ្វើកំណែទម្រង់ឡើងវិញ ហើយ UNESCO មានទំនោរប្រឆាំង​នឹងអ៊ីស្រាអែល​។ យ៉ាង​ណាមិញនេះ មិនមែន​ជាលើកទីមួយ ឡើយដែល​ទីក្រុងវ៉ាស៊ីនតោន បានដើរចេញពី​អង្គការ​អន្តរជាតិនេះ ដោយកាល​ពី​ឆ្នាំ​១៩៨៤ ប្រធានាធិបតី លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ក៏ធ្លាប់បានដកអាមេរិក ចេញពី UNESCO  ដែរ​តែ១៨ឆ្នាំក្រោយមក​ប្រធានាធិបតី លោក ចច ដាបើប៊ែលយូ ប៊ូស (George W. Bush) ព្រមទាំងរដ្ឋមន្រ្តី​ការបរទេសរបស់​លោក គឺលោក ខូលីន ផូវែល (Colin Powell) បាននាំ​សហរដ្ឋអាមេរិក ត្រឡប់ចូល​អង្គការ UNESCO វិញនៅ​ឆ្នាំ២០០២៕