(អាមេរិក)៖ តើអ្នកចង់ផ្ញើឈ្មោះ​របស់អ្នកទៅកាន់​ភពអង្គារ (Mars) ឬទេ? ពីព្រោះថា ទីភ្នាក់ងារ​អវកាស NASA កំពុងផ្តល់​ឱកាសថ្មីមួយ​ទៀត​ ដើម្បីអ្នកអាចធ្វើយ៉ាងដូច្នោះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត http://Space.com នៅរសៀល​ថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។

នៅពេលដែល​យាន InSight របស់ NASA ត្រូវបញ្ជូនទៅ​កាន់ភពក្រហមនេះ នៅឆ្នាំក្រោយ វានឹងផ្ទុកបញ្ជី​ឈ្មោះរបស់​សាធារណៈជន ហើយអ្នកអាចផ្ញើ​ឈ្មោះរបស់អ្នក ដើម្បីបញ្ចូលក្នុង​បញ្ជីនេះ​បាន។ កាលពី​ឆ្នាំ២០១៥ ទីភ្នាក់អវកាស​អាមេរិក បានអញ្ជើញ​មហាជន មក​គ្រប់ទិសទី​ទូទាំ​ង​ពិភពលោក ដើម្បីចារឈ្មោះ​របស់ពួកគេ ទៅលើបន្ទះឈីប​ស៊ីលីកូន ដែលនឹងភ្ជាប់ទៅ​កាន់​យានចុះ InSight។ ស្រប​ពេលដែល​មនុស្សជិត ៨២៧,០០០នាក់ បានចុះ​ឈ្មោះរួចរាល់​ហើយនោះ ឥឡូវនេះ NASA កំពុងតែ​បន្ថែមបន្ទះ​ឈីបទី០២ ដើម្បីផ្តល់​ឱកាស​ជាថ្មីម្តងទៀត ដល់​សាធារណៈជន ដើម្បីបញ្ជូនឈ្មោះ​របស់ពួកគេទៅ​កាន់ភពអង្គារ។

យាន InSight Mars របស់​អង្គការ NASA ត្រូវគេរំពឹងថា នឹងបាញ់បង្ហោះឡើង​ទៅកាន់ទីអវកាស​នាខែឧសភា ឆ្នាំ២០១៨ ហើយ​​ទៅ​ដល់​គោល​ដៅ​ក្នុង​​ខែ​វិច្ឆិកាឆ្នាំ​ដដែល។ នៅទីនោះ InSight នឹងសិក្សាស្រាវជ្រាវ​ទៅលើផ្នែកខាងក្នុង​ ដែលជ្រៅៗរបស់ Mars ដើម្បី​បង្កើន​​ការ​យល់​ដឹង អំពីដំណើរការ​ដែលបានជួយ​បង្កើត​ភព​ ដូចជា Mars និងផែនដីជាដើម។

គួរបញ្ជាក់ថា ដើម្បីឲ្យឈ្មោះ​អ្នកត្រូវបានចារ​នៅលើបន្ទះឈីបទី​០២នេះ របស់ យាន InSight អ្នកទាំងអស់គ្នា អាចចុះ​ឈ្មោះរៀងៗខ្លួន តាមរយៈលីងនេះ ហើយធ្វើការតាមការណែនាំនៅក្នុងនោះ៖ https://mars.jpl.nasa.gov/participate/send-your-name/insight/ ។ សម្រាប់ការទទួល​ឈ្មោះនឹង​បន្តរហូតដល់​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ (ពេលវេលា​នៅអាមេរិក)៕