(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងដកសមាជិកភាព ចេញពីអង្គការយូណេស្កូ បន្ទាប់ពីរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនសម្លឹងឃើញថា អង្គការនេះបានប្រឆាំងនឹងប្រទេស អ៊ីស្រាអែលដោយភាពលំអៀង ព្រមទាំងទាមទារធ្វើកំណែទម្រង់មូលដ្ឋានរបស់ភ្នាក់ងារវប្បធម៌មួយនេះឡើងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ។

ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួនបានដាក់ញ្ញត្តិទៅប្រធានអង្គការយូណេស្កូ លោកស្រី Irina Bokova នៅថ្ងៃព្រហស្បតិ៍នេះ។ សហរដ្ឋអាមេរិក មានបំណងស្នើកាន់តួនាទីជាអ្នកអង្កេតការណ៍អចិន្ត្រៃយ៍ក្នុងអង្គការនេះជំនួសវិញ។

ការដកសមាជិកភាពរបស់សហរដ្ឋអាមេរិក នឹងចូលជាធរមាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។ សហរដ្ឋអាមេរិកបានផ្អាកមូលនិធិដល់អង្គការយូណេស្កូ តាំងពីឆ្នាំ២០១១មកម្ល៉េះ បន្ទាប់ពីអង្គការនេះ បោះឆ្នោតដាក់ប៉ាឡេស្ទីនជាសមាជិក។

សូមជម្រាបថា អង្គការយូណេស្កូ(UNESCO) ជាភ្នាក់ងារអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ មានមូលដ្ឋាននៅទីក្រុង ប៉ារីស មានសមាជិកចំនួន១៩៥ប្រទេស៕