(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការពារជាតិចិនបានឱ្យដឹងថាទីក្រុងប៉េកាំងបានបញ្ជូននាវាបំពាក់មីស៊ីលមួយគ្រឿង យន្ដហោះចម្បាំងពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ទៅព្រមាននាវាពិឃាតអាមេរិក USS Chafee នៅក្បែរទីប្រជុំកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង៕

២៖ ទីក្រុងម៉ូស្គូនឹងប្រគល់កាំភ្លើងវែងប្រភេទ AK-47 ចំនួន ៥,០០០ដើម, រថយន្តដឹកជញ្ជូនយោធាចំនួន ២០គ្រឿង, និងគ្រាប់កាំភ្លើងប្រមាណ ០១លានគ្រាប់ ទៅឲ្យហ្វីលីពីន ដោយឥតគិតថ្លៃ ដើម្បីជួយដល់កងទ័ពប្រទេសអាស៊ានមួយនេះក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ព្រមទាំងអំពើហិង្សាជ្រុលនិយមផ្សេងៗ៕

៣៖ កងកម្លាំងទ័ពអាកាសស្វីស បានដឹកនាំការធ្វើសមយុទ្ធយោធាហោះហើរ និងបាញ់គ្រាប់ពិត នៅឯតំបន់ភ្នំ Axalp ហើយនេះគឺជាសមយុទ្ធយោធាប្រចាំឆ្នាំដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដោយមានប្រជាជនយ៉ាងច្រើនកុះករ ចូលរួមទស្សនា៕

៤៖  គ្រោះទឹកជំនន់ដែលបង្កឡើងដោយការធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅភាគខាងជើង និងភាគកណ្តាល ប្រទេសវៀតណាមក្នុងអំឡុងពេលមកទល់រសៀលថ្ងៃព្រហស្បតិ៍នេះបានបន្សល់ទុក មនុស្សយ៉ាងតិច ៥២នាក់ស្លាប់, បាត់ខ្លួន ២១នាក់, និងបង្កការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំផ្សេងទៀត នៅតាមបណ្តាខេត្តជាច្រើន នៃតំបន់រងគ្រោះ៕

៥៖ ភ្នំភ្លើង ស៊ីណាប៊ុង (Sinabung) ដែលស្ថិតក្នុងស្រុក ការ៉ូ (Karo) នៃខេត្ត ស៊ូម៉ាត្រា (Sumatra) ខាងជើង នៃប្រទេសឥណ្ឌូណេស៊ី បានផ្ទុះជះកម្អែលផេះក្នុងកម្ពស់០២គីឡូម៉ែត្រ ទៅលើផ្ទៃអាកាស៕

៦៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យូគីអូ ហាតូយ៉ាម៉ា (Yukio Hatoyama) បាននិយាយថា ជប៉ុនគួរតែខិតខំលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីជាមួយនឹងចិន ហើយលោកក៏បាន ទទួលស្គាល់ដែរថា ការអភិវឌ្ឍប្រកបដោយស្ថេរភាពរបស់ទីក្រុងប៉េកាំង គឺនឹងផ្ដល់ប្រយោជន៍ដល់ជប៉ុន៕