(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក រី យ៉ុង ហូ (Ri Yong Ho) បានប្រាប់អ្នក​យកព័ត៌មាន​រុស្ស៊ីថា លោក ដូណាល់ ត្រាំ ចង់អុជ​អាល​បញ្ឆេះសង្រ្គាម នៅពេល​លោកហៅ​លោក គីម ជុងអ៊ុន ថាជាបុរសគ្រាប់រ៉ុក្កែត (Rocket Man) នៅអំឡុងថ្លែង​សុន្ទរកថា​​នៅឯអង្គការ​សហប្រជាជាតិ នាពេលថ្មីៗនេះ។ លោក Ri ក៏បានព្រមាន​ដែរថា ប្រជាជន​កូរ៉េខាងជើង​ មិនចង់ប្រើមាត់​ដោះស្រាយ​បញ្ហា ជាមួយសហរដ្ឋអាមេរិក​នោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។

លោក Ri Yong Ho តាមរយៈ​ការដកស្រង់​សម្ដី​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS នៅក្នុង​សប្ដាហ៍នេះ​បាននិយាយថា ទីក្រុងព្យុងយ៉ាង​នឹងមិនចរចា​រឿងនុយក្លេអ៊ែរ ហើយក៏​នឹងមិន​ចូលអង្គុយតុចរចា​ ជាមួយ​សហរដ្ឋអាមេរិក​ជាដាច់ខាត ដរាបណា​ទីក្រុងវ៉ាស៊ីនតោន​ នៅតែបន្តរក្សា​ការដាក់ទណ្ឌកម្ម​ ប្រឆាំងនឹង​របបលោក គីម ជុងអ៊ុន។

លោករដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «យើងដើរជិតដល់​វត្ថុបំណងរបស់​យើងហើយ នោះគឺការ​បង្កើតតុល្យភាព​កម្លាំងដ៏​ពិតប្រាកដ ជាមួយ​សហរដ្ឋអាមេរិក... ខណៈប្រជាជន​កូរ៉េខាងជើង​ទាំងអស់សុទ្ធតែ ចង់​ដោះស្រាយ​ជាមួយ​សហរដ្ឋអាមេរិក ដោយកម្លាំង​ជាជាងការ​និយាយស្ដី»។

គួរបញ្ជាក់ថា បើតាម​សារព័ត៌មាន​កូរ៉េខាងត្បូង កូរ៉េខាងជើង​កំពុងត្រៀម​បាញ់សាកល្បង​គ្រាប់រ៉ុក្កែត​រយៈចំងាយខ្លីជា​ច្រើនគ្រាប់ នៅចំពេល​នៃការបើក ​សមាជបក្សកុម្មុយនីស្ដ​ចិន​នៅថ្ងៃទី១៨ ខែតុលា ខាងមុខនេះ៕