(ហាណូយ)៖ គ្រោះទឹកជំនន់​​ដែលបង្កឡើង​​ដោយការធ្លាក់ភ្លៀង​​យ៉ាងជោគជាំ នៅ​ភាគខាងជើង និង​ភាគកណ្តាល ប្រទេស​វៀតណាម​​ក្នុងអំឡុងពេល​មកទល់​រសៀល​ថ្ងៃព្រហស្បតិ៍នេះ បានបន្សល់​ទុក​មនុស្សយ៉ាងតិច ៥២នាក់ស្លាប់, បាត់ខ្លួន ២១នាក់, និងបង្កការ​បំផ្លិច​បំផ្លាញ​ទ្រង់ទ្រាយធំ​ផ្សេងទៀត នៅតាម​​បណ្តា​ខេត្តជាច្រើន​ នៃតំបន់​រងគ្រោះ។ នេះបើតាម​ការដកស្រង់​​ការផ្សាយ​ចេញពី សារព័ត៌មាន VNExpress នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។

បើតាមសេចក្តីរាយការណ៍​ខាងលើ ខេត្ត ហ័រ ប៊ិញ (Hoa Binh) របស់​វៀតណាម បានទទួលរង​គ្រោះធ្ងន់ធ្ងរ​ជាងគេ ជាមួយនិងចំនួន​អ្នក​ស្លាប់​កើន​ដល់​​ ២៣នាក់ ស្របពេល​ដែលខេត្ត ថាញ់ ហ័រ (Thanh Hoa) ដែលមានកម្រិតកម្ពស់​ទឹកភ្លៀង​​ដល់ទៅ ៤២សង់ទីម៉ែត្រនោះ មានមនុស្ស​ស្លាប់ ១២នាក់ និង​នៅខេត្ត ញ៉េ អាន (Nghe An) មានចំនួន​អ្នកបាត់បង់​ជីវិតយ៉ាងតិច ០៨នាក់។ បន្ថែមពីនេះទៀត ករណី​មនុស្ស​​ស្លាប់ ០៥នាក់ ត្រូវគេ​រាយការណ៍​ថា បានកើតមាន​នៅក្នុងខេត្ត សុន ឡា (Son La) និង ០៤នាក់នៅខេត្ត យ៉េន បៃ (Yen Bai) ខណៈ២១នាក់កំពុងបាត់ខ្លួន​នៅទូទាំងបណ្តាខេត្ត​ភាគខាងជើង​ និង​កណ្តាល​ប្រទេស។

គួរបញ្ជាក់ថា ក្រៅពីមនុស្ស​រងគ្រោះ ប្រជាជនវៀតណាមជាង១៧,០០០គ្រួសារ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ហើយ​ផ្ទះ​សម្បែង​​ច្រើនជាង២០០ខ្នងបានដួលរំលំ ខណៈលំនៅឋានជិត ១៨,០០០ខ្នងទៀត បានជន់លិចឬខូចខាត។ បន្ថែមពីនេះ ផ្ទៃដីដាំដុះ​លើសពី ៨,០០០ហិកតា ត្រូវបំផ្លិចបំផ្លាញ​ខ្ទេចខ្ទីរគ្មានសល់​ ហើយសត្វចិញ្ចិម​ប្រមាណ ៤០,០០០ក្បាល បានងាប់ឬក៏ត្រូវទឹកជំនន់ហូរ​កួចយកទៅជាមួយ។

ជុំវិញគ្រោះ​ធម្មជាតិនេះ វៀតណាម កាលពី​ខែសីហា​កន្លងទៅ បានទទួលរង​គ្រោះទឹកជំនន់​ដ៏អាក្រក់ម្តងរួច​ទៅហើយ នៅភាគ​ខាង​ជើងប្រទេស ដែលបានសម្លាប់​មនុស្សយ៉ាងតិច ២៦នាក់ ​និងហូរនាំ​យកលំនៅ​ឋានជាច្រើនរយខ្នង​ទៅជាមួយ មុនពេលដែល​ព្យុះ​​ទីហ្វុង ដុកសួរី (Doksuri) ដ៏មានឥទ្ធិពល បានឆក់យកជីវិតមនុស្ស​យ៉ាងហោចណាស់ ០៨នាក់ នៅតំបន់​ភាគកណ្តាល​ប្រទេស កាលពី​ខែមុន៕