(ហ្សាការតា)៖ ភ្នំភ្លើង ស៊ីណាប៊ុង (Sinabung) ដែលស្ថិតក្នុងស្រុក ការ៉ូ (Karo) នៃខេត្ត ស៊ូម៉ាត្រា (Sumatra) ខាងជើង នៃប្រទេស​​ឥណ្ឌូ​ណេ​ស៊ី បាន​ផ្ទុះ​ជះ​​កម្អែល​ផេះ​ក្នុង​កម្ពស់ ០២គីឡូម៉ែត្រទៅ​លើ​ផ្ទៃអាកាស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​​ព្រហស្បតិ៍ ទី១២​ ខែតុលា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយជាតិ​ឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) បានឲ្យដឹងថា ហេតុ​ការណ៍​​ខាង​លើ​បាន​កើត​ឡើង​កាលពី​វេលាម៉ោង ០២៖៣៥នាទីទៀបភ្លឺឈានចូល​ថ្ងៃព្រហស្បតិ៍នេះ (ពេលវេលា​នៅឥណ្ឌូណេស៊ី) ដោយកម្អែលផេះ​ត្រូវបានជះឆ្ពោះ​​ទៅកាន់ភាគខាងកើត, ភាគអាគ្នេយ៍, និងភាគខាងត្បូង នៃមាត់ភ្នំភ្លើងតែម្តង។

បន្ថែមពីនេះអ្នកនាំពាក្យរូបនេះ​បានបញ្ជាក់ថា ករណីផ្ទុះភ្នំភ្លើងនេះ​មិនបានបង្ក​ឲ្យមានមនុស្ស​រងគ្រោះ ឬមួយក៏ការ​ជម្លៀស​ខ្លួននោះ​ដែរ ខណៈកាលពី​ថ្ងៃពុធម្សិលមិញ ភ្នំភ្លើង Sinabung បានផ្ទុះឡើង​ម្តងរួចមកហើយ ដោយបានជះ​កម្អែលផេះកម្ពស់ ១.៥គីឡូម៉ែត្រ ទៅ​លើមេឃ។ បើតាម លោក Sutopo ភ្នំភ្លើង Sinabung បានស្ថិតក្រោម​ការឃ្លាំ​មើល​ខ្ពស់បំផុត ចាប់តាំងពី​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥​មក ដោយបរិវេណ ០៧គីឡូម៉ែត្រ នៅភាគខាងត្បូង អាគ្នេយ៍ និងខាងកើត​នៃមាត់ភ្នំភ្លើង ត្រូវបានហាម​មិនឲ្យមនុស្ស​ទៅក្បែរនោះឡើយ។

គួរបញ្ជាក់ថា ដាច់ដោយឡែកពីភ្នំភ្លើងខាងលើនេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី ក៏បានបង្កើនការ​អង្កេតរបស់ពួកគេ​ទៅលើភ្នំភ្លើងមួយទៀត ឈ្មោះ អាហ្គុង (Agung) ដែលជាភ្នំភ្លើង​ស្ថិតនៅលើកោះទេសចរណ៍ បាលី (Bali) ផងដែរ ខណៈមនុស្សជិត ១៤៤,០០០នាក់ ត្រូវបានជម្លៀស​ខ្លួនចេញពីតំបន់ភ្នំភ្លើង ដែលកំពុងឲ្យសញ្ញា​​មិនសូវស្រួល​មួយនេះ៕