(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ បានទាត់ចោល​ព័ត៌មានរបស់​ស្ថានីយ៍ទូរទស្សន៍ NBC ដែលបាន​រាយការណ៍ថា លោកមាន​បំណងបង្កើនឃ្លាំង​អាវុធនុយក្លេអ៊ែរ​ចំនួន ១០ បន្ថែមទៀត។ មិនតែ​ប៉ុណ្ណោះ ប្រធានាធិបតី​រូបនេះបាន​ហៅថា NBC ថា «Fake News​» ឬ «ព័ត៌មាន​ក្លែងក្លាយ»​ ព្រមទាំងព្រមាន​ដកអាជ្ញាប័ណ្ណ​ ពីស្ថានីយ៍​ទូរទស្សន៍អាមេរិកមួយនេះ​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។

យោង​តាម NBC លោក ដូណាល់ ត្រាំ បានជំរុញឱ្យ​មានការបង្កើន​ឃ្លាំងអាវុធ​នុយក្លេអ៊ែរ នៅអំឡុង​កិច្ចប្រជុំមួយ កាលពីខែកក្កដា ស្ដីពីស្ថានភាព​កងទ័ពអាមេរិក នៅលើ​ពិភពលោក​ ដោយ​មានការចូលរួម​ពី​មន្រ្តីយោធាជាន់​ខ្ពស់អាមេរិក រួមទាំងរដ្ឋមន្ត្រី​ការបរទេស លោក រិច ធីល្លឺសុន។ ​តែជុំវិញ​ព័ត៌មាន​នេះដែរ ថ្លែងនៅលើ Twitter កាលពី​ថ្ងៃពុធ លោក ត្រាំ បានចាត់ទុកថា វាជា​ព័ត៌មានមិនពិត ហើយនៅពេល​គេសួរថា វាមានបំណង​បែបនោះ ឬទេ? លោកឆ្លើយថា គ្រាន់តែធ្លាប់​ពិភាក្សាពីវា​តែប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «​NBC News​ បានប្រឌិត រឿងមួយ​ឡើង... ប្រឌិត​ទាំងស្រុង។ NBC=CNN!... ជាមួយនឹងព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ​របស់ NBC និងបណ្ដា​ប្រព័ន្ធផ្សព្វផ្សាយ​មួយចំនួនទៀត តើវាដល់ពេល​វេលាសាកសម ដែលត្រូវបដិសេធ​នឹងអាជ្ញាប័ណ្ឌ​របស់​ពួកគេដែរទេ? វាជារឿង​អាក្រក់សម្រាប់​ប្រទេស​មួយនេះ!»

គួររំលឹកថា នៅអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦ និងបន្ទាប់ពី​ការបោះឆ្នោត លោក ដូណាល់​ ត្រាំ ផ្ទាល់ធា្លប់​បាននិយាយថា សហរដ្ឋអាមេរិក គួរតែបង្កើនការរត់ប្រណាំងអាវុធ​នុយក្លេអ៊ែរ​សាជាថ្មី។ «សហរដ្ឋអាមេរិក គួរតែពង្រឹង និងបង្កើនសមត្ថភាព​នុយក្លេអ៊ែររបស់ខ្លួន»។ នេះគឺជាអ្វីដែល លោក ត្រាំ បានសរសេរនៅលើ Twitter កាលពីចុង​ខែធ្នូកន្លងទៅ៕