(ស្វីស)៖ សា្ថប័នគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA បានព្យួរសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសប៉ាគីស្ថានជាផ្លូវ ពីបទជ្រៀតជ្រែកចូលកិច្ចផ្ទៃក្នុងរបស់ FIFA នាពេលកន្លងមក។

ក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់ FIFA បានបញ្ជាក់ថា ចាប់ពីថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧ តទៅ សហព័ន្ធបាល់ទាត់ ប៉ាគីស្ថានមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពកីឡាបាល់ទាត់របស់ខ្លួនឡើយ ទាំងការប្រកួតថ្នាក់ជាតិ អន្តរជាតិ និងប្រកួតមិត្តភាពផ្សេងៗទៀតឡើយ ដរាបណាបម្រាមត្រូវផុតកំណត់ ឬដកបម្រាមចេញ ទើបមានសិទ្ធិ។

ក្នុងសេចក្តីថ្លែងការណ៍របស់ FIFA បានឲ្យដឹងថា «កន្លងមក សហព័ន្ធប៉ាគីស្ថាន PFF បានប្រើសិទ្ធិរបស់ខ្លួនក្នុងនាមជា សមាជិករបស់ FIFA ដើម្បីជ្រៀតជ្រែក និងគំរាមកំហែងដល់កិច្ចការរដ្ឋបាល FIFA»

ផ្អែកទៅតាមបម្រាមខាងលើនេះ មន្រ្តីកីឡានៃប្រទេសប៉ាគីស្ថានដែលធ្វើការនៅសា្ថប័ន FIFA ទាំងអស់ក៏បាត់បង់សិទ្ធិ ក្នុងការសម្រេចធ្វើកិច្ចការផ្សេងៗដែរ។ បន្ថែមពីលើនេះ មូលនិធិដែលផ្គត់ផ្គង់បាល់ទាត់ប៉ាគីស្ថានទៅហ្វឹកហាត់ក្រៅប្រទេសក៏ត្រូវបានព្យួរថែមទៀតផង៕