(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ​បាននិយាយថា ខ្លួនបានដឹងពី​សេចក្ដីរាយការណ៍​ដែលថា កូរ៉េខាងជើង បានចូលលួច​ទិន្នន័យផែនការ​ នៃប្រតិបត្តិការនៅ​ពេលមានសង្រ្គាម​របស់​សហរដ្ឋអា​មេរិក និងកូរ៉េខាងត្បូង ប៉ុន្តែទន្ទឹម​គ្នានោះក៏បានធានាដែរថា ព័ត៌មានទាំងនេះ​មាន​សុវត្ថិភាព។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។

ការអះអាងខាង​លើរបស់​មន្ទីរបញ្ចកោណ ធ្វើឡើងបន្ទាប់​ពី​តំណាងរាស្ត្រ​មកពី គណបក្ស​កាន់​អំណាចកូរ៉េខាងត្បូង លោក លី ជឺលហ៊ី (Lee Cheol-hee) បាន​អះអាងថា ក្រុម Hacker កូរ៉េខាងជើង​បាន ចូលលួចទិន្នន័យ​នៃឯកសារសម្ងាត់​យោធា​មួយចំនួន​កាលពីឆ្នាំមុន ក្នុងនោះរួមមាន​ទាំង «ផែនការកាត់ក្បាលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន» ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់​ក្រុមអ្នកសារព័ត៌មាន​កាលពី​ថ្ងៃអង្គារ អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ លោក រ៉ប មែនណីង (Rob Manning) បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចធានា​ចំពោះមុខអ្នក​ទំាងអស់គ្នា​ថា យើងមានទំនុកចិត្ត​លើសន្តិសុខ​ នៃផែនការ
ប្រតិបត្តិការ និងសមត្ថភាព​របស់យើង ក្នុងការដោះស្រាយ​ការគំរាមកំហែង​ពីកូរ៉េខាងជើង... ហើយសម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង នៅតែរឹងមាំជា​មួយការប្ដេជ្ញាចិត្ត​​ធ្វើឱ្យ​ប្រាកដថា រាល់ព័ត៌មានទាំងអស់​មានសុវត្ថិភាព ក៏ដូចជាត្រៀម​ខ្លួនទប់ទល់​នឹង​កូរ៉េខាងជើង»

គួរបញ្ជាក់ថា បើតាម លោក Lee Cheol-hee ផ្អែកលើប្រភព​ដែលលោកទទួល​បានពីមន្ត្រីយោធា​កូរ៉េខាងត្បូង​ មិនបញ្ចេញឈ្មោះ ក្រុម Hacker កូរ៉េខាងជើង​បានលួចទិន្នន័យ​​ឯកសារ​យោធាអស់ ២៣៥ GB​ ហើយក្នុងនោះ​មាន ៨០ភាគរយ មិនទាន់កំណត់​អត្តសញ្ញាណ​នៅឡើយ៕