(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានជួប​ពិភាក្សាជាមួយ​មេបញ្ជាការយោធា​កំពូលៗ​របស់​លោក ស្តីពី​វិធានការ​ផ្សេងៗ ពាក់ព័ន្ធនឹង​បញ្ហាកម្មវិធីនុយក្លេអ៊ែរ​របស់ប្រទេស​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧។

បើតាម​សេចក្តីថ្លែងការណ៍​របស់សេតវិមាន រដ្ឋមន្រ្តីការពារជាតិ លោក ជីម ម៉ាត់ទីស (Jim Mattis) និងប្រធានអគ្គសេនាធិការ​ចំរុះ លោក ចូសែហ្វ ដាន់ហ្វដ (Joseph Dunford) បានចូលជួប​ជជែកពិភាក្សា​ជាមួយ លោក ដូណាល់ ត្រាំ ជុំវិញជម្រើស​នានា ដើម្បីឆ្លើយ​តប​ចំពោះ​សកម្មភាពបង្ក​ហេតុគ្រប់​ទម្រង់ បង្កឡើងដោយ​កូរ៉េខាងជើង ឬដើម្បីទប់ស្កាត់​ទីក្រុង​ព្យុងយ៉ាង មិនឲ្យបង្កការ​គំរាមកំហែង​ដល់​​សហរដ្ឋអាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត​ដោយ​អាវុធ​នុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ភាពតានតឹង​នៅឧបទ្វីបកូរ៉េ បានកើនឡើង​កម្តៅកាន់តែខ្លាំង ចាប់តាំងតែ​ពីប្រទេសកូរ៉េខាងជើង បានធ្វើតេស្តបំផ្ទុះ​ក្បាល​គ្រាប់នុយក្លេអ៊ែរលើកទី០៦ និងខ្លាំងជាងគេ​បំផុតរបស់ខ្លួន​កាលពី​ខែមុននេះ។ ចំពោះរយៈពេលនៃអំឡុងខែតុលានេះ គឺជាថ្ងៃខួប​នៃការបង្កើត​គណបក្សពលករ​របស់កូរ៉េខាងជើង ដែលអ្នកវិភាគមួយ​ចំនួនបានបង្ហាញក្តី​ព្រួយបារម្ភ អំពីលទ្ធភាពនៃការបង្កហេតុបន្ថែមទៀត ដោយរបបដឹកនាំ លោក គីម ជុងអ៊ុន៕